ឡាតវី និងអ៊ុយក្រែន ពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក និងសន្តិសុខថាមពល
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ -- ឡាតវី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ សន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយប្រទេសទាំងពីរមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីលើបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសបន្ទាប់ពីការចរចានៅទីក្រុងរីហ្គារវាងនាយករដ្ឋមន្ត្រីឡាតវី លោក អានដ្រីស កូលប៊ឺកស៍ (Andris Kulbergs)និងនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី យូលៀ ស្វីរីដេនកូ (Yulia Svyrydenko) ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសឡាតវី។
លោក កូលប៊ឺកស៍ បាននិយាយថា ការពិភាក្សាផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផលិតយន្តហោះគ្មានមនុស្សបើក និងសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាអ៊ុយក្រែន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេសទាំងពីរ។
ជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសឡាតវីចំពោះអ៊ុយក្រែន លោក កូលប៊ឺកស៍ បានប្រកាសថា ឡាតវីនឹងបរិច្ចាគអង្គភាពផលិតថាមពលកម្ដៅ ដើម្បីជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
លោកស្រី ស្វីរីដេនកូ បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកជំនាញរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងតាមអាកាស ដោយការបញ្ជូនអ្នកឯកទេសដើម្បីជួយពង្រឹងសមត្ថភាពការពារប្រឆាំងយន្តហោះគ្មានមនុស្សបើករបស់ប្រទេសឡាតវី។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការរៀបចំរបស់អ៊ុយក្រែនសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុបផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





