នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ខ្លួនបានណែនាំយោធាឱ្យពង្រីកប្រតិបត្តិការនៅក្នុងប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃអាទិត្យថា លោកបានណែនាំយោធាឱ្យពង្រឹង និងពង្រីកការគ្រប់គ្រងរបស់ខ្លួនលើតំបន់ដែលកាន់កាប់ដោយក្រុមហេបូឡាហ៍នៅប្រទេសលីបង់។
ការណែនាំនេះបានកើតឡើងបន្ទាប់ពីការដណ្តើមយកតំបន់ Beaufort Ridge រួមទាំងប្រាសាទយុទ្ធសាស្ត្រនៅកំពូលភ្នំរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ដោយកងកម្លាំងអ៊ីស្រាអែល ដែលជាតំបន់មួយដែលហួសពី«តំបន់សន្តិសុខ» ដែលអ៊ីស្រាអែលបានរក្សាចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅពាក់កណ្តាលខែមេសា។
លោក នេតាន់យ៉ាហ៊ូ បាននិយាយថា បន្ទាប់ពីការណែនាំរបស់លោកឱ្យពង្រីកសមយុទ្ធនៅប្រទេសលីបង់ កងកម្លាំងអ៊ីស្រាអែលបានឆ្លងកាត់ទន្លេលីតានី ហើយបានដណ្តើមយកតំបន់សំខាន់ៗ រួមទាំងតំបន់ Beaufort ផងដែរ។
លោកបានបន្ថែមថា គោលបំណងបច្ចុប្បន្នគឺដើម្បីពង្រឹងការគ្រប់គ្រងលើទីតាំងដែលកាន់កាប់ទាំងនេះ ដោយហៅការដណ្តើមយកតំបន់Beaufort ថាជា «ដំណាក់កាលដ៏អស្ចារ្យ និងជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយដែលយើងកំពុងដឹកនាំ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ចាប់តាំងពីជម្លោះពហុរណសិរ្សបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ចំនួន ៨.០០០ នាក់ រួមទាំង ៧០០នាក់ក្នុងខែមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





