ប្រធានអង្គការសុខភាពពិភពលោក ព្រមានប្រទេសនានាអំពីការរឹតបន្តឹងការធ្វើដំណើរដោយសារជំងឺអេបូឡា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ -- លោក ធេដ្រូស អាដាណូម ហ្គេប្រេយេស៊ុស អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះ បានជំរុញឱ្យប្រទេសនានា ដែលបានដាក់កម្រិតការធ្វើដំណើរនិងបិទព្រំដែនរបស់ពួកគេ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា ពិចារណាឡើងវិញនូវវិធានការទាំងនេះ។
ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានដាក់កម្រិតការធ្វើដំណើរនិងការផ្អាកទិដ្ឋាការសម្រាប់អ្នកស្រុកមកពីប្រទេសកុងហ្គោ អ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូង ដោយលើកឡើងពីការផ្ទុះឡើងនៃជំងឺនេះ។
ប្រទេសរវ៉ាន់ដា និងអ៊ូហ្គង់ដា មានការធ្វើដំណើរមានកម្រិតពីប្រទេសកុងហ្គោ។ ប្រទេសទាំងពីរមានព្រំដែនជាប់ប្រទេសកុងហ្គោ។
ជនបរទេសដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសកុងហ្គោក្នុងរយៈពេល៣០ថ្ងៃចុងក្រោយនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសរវ៉ាន់ដាទេ។
ថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយនៅទីក្រុប៊ូនៀ ដែលជារដ្ឋធានីនៃខេត្តអ៊ីទូរី និងជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះ លោក ធេដ្រូស បាននិយាយថា សាមគ្គីភាព គឺជាអាវុធការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺអេបូឡា ខណៈដែលការរឹតបន្តឹងការធ្វើដំណើរអាចធ្វើឱ្យខូចខាតដល់តម្លាភាពក្នុងការរាយការណ៍ករណីឆ្លង។
លោកបានជំរុញឱ្យសហគមន៍ក្នុងតំបន់នៅតែជាចំណុចកណ្តាលនៃការឆ្លើយតបទៅនឹងមេរោគអេបូឡា ដែលមិនមានវ៉ាក់សាំង ឬការព្យាបាលដែលត្រូវបានអនុម័តនាពេលបច្ចុប្បន្ន។
លោកបាននិយាយថា «យើងមិននៅទីនេះដើម្បីប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើទេ។ យើងនៅទីនេះដើម្បីស្តាប់»។ លោកបានបន្ថែមថា «សហគមន៍យល់ពីបញ្ហាប្រឈម និងដំណោះស្រាយរបស់ពួកគេផ្ទាល់។ តួនាទីរបស់យើង គឺគាំទ្រអ្នកក្នុងការអនុវត្តដំណោះស្រាយទាំងនោះរួមគ្នា»។
យោងតាមការធ្វើបច្ចុប្បន្នភាពដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថាយ៉ាងហោចណាស់មានករណីឆ្លងជំងឺអេបូឡាចំនួន ១៣៤ករណីត្រូវបានរាយការណ៍នៅក្នុងការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា។
ក្នុងចំណោមករណីដែលបានបញ្ជាក់នៅក្នុងប្រទេសទាំងពីរនេះ អ្នកស្លាប់ដោយសារជំងឺអេបូឡាមានចំនួន ១៨នាក់។
អាជ្ញាធរសុខាភិបាលកុងហ្គោបានបង្ហាញថា ករណីសង្ស័យថ្មីនៅតែបន្តត្រូវបានចុះបញ្ជីជាមួយនឹងចំនួនសរុបជាង ១.០០០ករណីចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





