អ៊ីរ៉ង់និយាយថា គ្មានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកទេ បើគ្មាន «លទ្ធផលជាក់ស្តែង»
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ -- លោក ម៉ូហាំម៉ាដ បាកឺរ កាលីបាហ្វ ប្រធានសភា និងជាអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុងតេអេរ៉ង់នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនទេ លុះត្រាតែវាធានាថា «សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ត្រូវបានធានា»។
ទូរទស្សន៍រដ្ឋ IRIB បានដកស្រង់សម្តីរបស់លោក កាលីបាហ្វ ដែលបាននិយាយខាងលើនេះក្នុងអំឡុងពេលសម័យប្រជុំសភានិម្មិត បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រធានសភាដែលត្រូវបានជ្រើសរើសឡើងវិញ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈ។ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ ខណៈដែលបិទច្រកសមុទ្រហ័រមុស។
បទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី០៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែកិច្ចចរចាជាបន្តបន្ទាប់នៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងយូរអង្វែង។ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្រោយមកបានពង្រីកបទឈប់បាញ់ដោយគ្មានកាលកំណត់។
ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបន្តផ្លាស់ប្តូរសំណើ និងសំណើតបតវិញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចចរចាដោយផ្ទាល់ និងបញ្ចប់សង្គ្រាម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





