ហ្វីលីពីន និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពផ្លូវសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ -- ប្រទេសហ្វីលីពីន និងវៀតណាម កាលពីថ្ងៃចន្ទ បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយ និងសុវត្ថិភាពផ្លូវសមុទ្រទ្វេភាគី បន្ថែមពីលើការលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រ» បច្ចុប្បន្នរបស់ពួកគេទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រកាន់តែល្អប្រសើរ»។
សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅក្នុងកិច្ចចរចារវាងប្រធានាធិបតីវៀតណាម លោក តូ ឡាំនិងសមភាគីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជូនៀ នៅទីក្រុងម៉ានីល។
លោក តូ ឡាំ ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាមផងដែរនោះ បានទៅដល់ទីក្រុងម៉ានីលក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ដំណើរទស្សនកិច្ចរបស់លោកជាការកត់សម្គាល់ខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត និងភាពជាដៃគូយុទ្ធសាស្ត្រមួយទសវត្សរ៍រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនយន្តការសហប្រតិបត្តិការផ្លូវសមុទ្រដែលមានស្រាប់ រួមទាំងការអនុវត្ត «ការយោគយល់គ្នា ស្តីពីការបង្ការ និងគ្រប់គ្រងឧប្បត្តិហេតុ» នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្ររបស់ពួកគេ។
ពួកគេក៏បានប្តេជ្ញាចិត្តដោះស្រាយឧប្បត្តិហេតុផ្លូវសមុទ្រតាមរយៈមធ្យោបាយសន្តិភាព និងមិត្តភាពស្របតាមច្បាប់អន្តរជាតិផងដែរ។
ប្រធានាធិបតីទាំងពីរ បានសម្តែងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តលើអត្ថប្រយោជន៍នៃកម្មវិធីសហប្រតិបត្តិការនយោបាយ-សន្តិសុខបច្ចុប្បន្នកិច្ចសហប្រតិបត្តិការសុវត្ថិភាព និងសន្តិសុខតាមសមុទ្រ ការការពារបរិស្ថានតាមសមុទ្រ ការពង្រីកពាណិជ្ជកម្ម និងវិនិយោគ ការផ្លាស់ប្តូរកសិកម្មការអប់រំ ទេសចរណ៍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។
ភាគីទាំងពីរបានសម្តែងបំណងប្រាថ្នារបស់ពួកគេលើសពីគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ពាន់លានដុល្លារអាម៉េរិក និងសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មដែលមានតុល្យភាពតាមរយៈការពង្រីកឱកាសពាណិជ្ជកម្មទ្វេភាគី ការកែលម្អការចូលទីផ្សារ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ។
ពួកគេបានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការកសិកម្មឱ្យកាន់តែជិតស្និទ្ធ តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា និងការរុករកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្ម និងវិនិយោគជាពិសេសក្នុងវិស័យកសិកម្ម រួមទាំងការដាំស្រូវ នេសាទ ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយចីរភាព កសិកម្មប្រកបដោយចីរភាពកសិកម្មឆ្លាតវៃ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





