ក្រុមប្រឹក្សាដែនសមុទ្ររុស្ស៊ី៖ រុស្ស៊ី និងឥណ្ឌា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ -- ក្រុមប្រឹក្សាភិបាលសមុទ្ររុស្ស៊ីបាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ី និងឥណ្ឌាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក បន្ទាប់ពីការពិគ្រោះយោបល់លើកិច្ចសហប្រតិបត្តិការសមុទ្រនៅក្នុងទីក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ទីក្រុងមូស្គូ និងទីក្រុងញូវដេលីបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក។ ការផ្លាស់ប្តូរទស្សនៈក៏បានធ្វើឡើងទៅលើបញ្ហាសន្តិសុខសមុទ្រផងដែរ»។
លោក នីកូឡៃ ប៉ាទ្រូស្សេវ ប្រធានក្រុមប្រឹក្សាភិបាលសមុទ្រ និងលោក អាជីត ដូវ៉ាល់ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា បានជួបគ្នានៅទីក្រុងមូស្គូកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីគម្រោងរួមគ្នាក្នុងការសាងសង់នាវា និងការជួសជុលនាវា ក៏ដូចជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានវិទ្យាសាស្ត្រជាតិ និងការបណ្តុះបណ្តាលវិស្វករសាងសង់នាវាឥណ្ឌា និងអ្នកឯកទេសសមុទ្រពាណិជ្ជកម្មនៅសាកលវិទ្យាល័យរុស្ស៊ី។
មន្ត្រីទាំងនោះក៏បានពិភាក្សាគ្នាអំពីទស្សនវិស័យសម្រាប់ការអភិវឌ្ឍផ្លូវដឹកជញ្ជូនអន្តរជាតិផងដែរ ដើម្បីបង្កើនពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





