សេតវិមានរំពឹងថានឹងមានភាពច្បាស់លាស់ទៅលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅចុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋបាលសហរដ្ឋអាមេរិកជឿជាក់ថា ភាពច្បាស់លាស់ទៅលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចនឹងត្រូវបានមើលឃើញនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមរបាយការណ៍របស់វិបផតថលព័ត៌មាន Axios ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន។
កាលពីថ្ងៃអាទិត្យ សារព័ត៌មានញូវយ៉កថាមស៍ បានរាយការណ៍ថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវលក្ខខណ្ឌដ៏តឹងរ៉ឹងជាងមុនសម្រាប់កិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ និងបាននាំយកសំណើថ្មីៗទៅកាន់ទីក្រុងតេអេរ៉ង់។ក្រោយមក សារព័ត៌មាន Axios បានរាយការណ៍ថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបរបស់ពួកគេចំពោះសំណើទាំងនោះក្នុងរយៈពេលប្រហែលបីថ្ងៃ។
មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Axios ថា «នឹងមានកិច្ចព្រមព្រៀងមួយ។ យើងនឹងរង់ចាំមើលថា ពេលណាវាជិតមកដល់។ យើងមានឆន្ទៈរង់ចាំដើម្បីឱ្យប្រធានាធិបតីទទួលបានអ្វីដែលគាត់បានស្នើសុំ។ វាអាចចំណាយពេលមួយសប្តាហ៍។ វាអាចតិចជាងនេះ។ វាអាចច្រើនជាងនេះ។ នៅវេនក្នុងសប្តាហ៍នេះ យើងសង្ឃឹមថានឹងមានអ្វីមួយ»។
នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការខូចខាត និងជនស៊ីវិលស្លាប់។ នៅថ្ងៃទី០៧ ខែមេសា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍។ កិច្ចចរចាជាបន្តបន្ទាប់នៅទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់ដោយមិនមានលទ្ធផលច្បាស់លាស់ ហើយសហរដ្ឋអាមេរិកបានចាប់ផ្តើមបិទផ្លូវកំពង់ផែអ៊ីរ៉ង់។ ក្រោយមក លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានពន្យារពេលការផ្អាកអរិភាព ដើម្បីផ្តល់ពេលវេលាឱ្យអ៊ីរ៉ង់បង្កើតសំណើសន្តិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





