ជម្លោះនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យកំណើនអាស៊ាន+៣ មានការថយចុះ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ -- កំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ាន+៣ ត្រូវបានគេរំពឹងថានឹងមានការថយចុះមកនៅត្រឹមប្រហែល ៤% នៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែកើនឡើង ការរំខានដល់ថាមពល និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលលោក ដែលបានជះឥទ្ធិពលដល់ទស្សនវិស័យ។ នេះបើយោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។
ថ្លែងនៅក្នុងវគ្គថ្មីមួយដែលមានចំណងជើងថា «ទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ាន និងគោលនយោបាយសារពើពន្ធ» នៅទីក្រុងយ៉ូជីយ៉ាការតារបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី ខាថារីន ខូ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ការិយាល័យ AMRO បានព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចរបស់តំបន់នេះនៅតែមិនប្រាកដប្រជា ដោយអតិផរណាអាចកើនឡើងដោយសារតែផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា ការអភិវឌ្ឍពន្ធគយសកលលោក និងការផ្លាស់ប្តូរនៅក្នុងវដ្តបច្ចេកវិទ្យាសកលលោក។
អ្នកសេដ្ឋកិច្ចរូបនេះបានអះអាងថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបច្ចុប្បន្នគឺជាហានិភ័យធំបំផុតចំពោះសេដ្ឋកិច្ចរបស់តំបន់នេះ ដោយសារតែផលប៉ះពាល់ដោយផ្ទាល់របស់វាទៅលើការផ្គត់ផ្គង់ថាមពល និងតម្លៃជាសកល។
ការិយាល័យ AMRO បានបញ្ជាក់ថា ការរំខានដល់ការផ្គត់ផ្គង់ថាមពលនាពេលបច្ចុប្បន្ន គឺធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយបានពន្យល់ថា ទំហំនៃការរំខានមានទំហំធំជាងអ្វីដែលពិភពលោកបានជួបប្រទះក្នុងអំឡុងពេលនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងឆ្នាំ២០២២ដល់ទៅបួនដង។
តម្លៃប្រេងពិភពលោកអាចមានលើសពី ១០០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ប្រសិនបើជម្លោះរីករាលដាលបន្ថែមទៀតនៅទូទាំងតំបន់ ដែលអាចជំរុញឱ្យអតិផរណាអាស៊ាន+៣ ឡើងដល់ប្រហែល ២,២%។ នេះបើយោងតាមការវិភាគរបស់ការិយាល័យ។
ទោះជាយ៉ាងណាក៏ដោយ ការិយាល័យ AMRO បានវាយតម្លៃថាសេដ្ឋកិច្ចអាស៊ាន+៣ ដែលមានរដ្ឋជាសមាជិកអាស៊ានចំនួន១១ រួមមាន ចិនជប៉ុន និងសាធារណរដ្ឋកូរ៉េ នឹងរក្សាបាននូវភាពធន់នៅក្នុងឆ្នាំ២០២៥ដោយសារតម្រូវការក្នុងស្រុកមានស្ថេរភាព អតិផរណាទាប លំហូរវិនិយោគបន្ត និងការនាំចេញដ៏រឹងមាំដែលជំរុញដោយតម្រូវការឧបករណ៍អេឡិចត្រូនិកដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI)។
ការិយាល័យ AMRO បានកត់សម្គាល់ថា អាស៊ីលែងគ្រាន់តែជា«រោងចក្ររបស់ពិភពលោក» ទៀតហើយ ប៉ុន្តែកំពុងក្លាយជាទីផ្សារអ្នកប្រើប្រាស់ដ៏សំខាន់មួយបន្តិចម្តងៗ។ វាបានប៉ាន់ប្រមាណថា តំបន់អាស៊ាន+៣ឥឡូវនេះមានចំនួន ២៨% នៃតម្រូវការចុងក្រោយសរុបរបស់ពិភពលោកដែលលើសពីទំហំទីផ្សារអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។
សម្រាប់ប្រទេសឥណ្ឌូណេស៊ី សេដ្ឋកិច្ចអាស៊ាន+៣ មានចំនួនជិត៦០% នៃការនាំចេញរបស់ខ្លួន ដែលបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ប្រទេសនេះទៅលើការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។
នៅក្នុងបរិបទនៃភាពប្រែប្រួលសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ការិយាល័យ AMRO បានណែនាំដល់រដ្ឋាភិបាលឱ្យរក្សាភាពបត់បែននៃគោលនយោបាយ ខណៈដែលរក្សាជាបណ្ដោះអាសន្ននូវសារពើពន្ធ និងរូបិយវត្ថុ ដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចនាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





