កិច្ចសន្ទនាស្សាងរី-ឡាលើកទី២៣ បានបញ្ចប់៖ វៀតណាមបន្សល់ទុកនូវស្នាដៃដ៏លេចធ្លោ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ -- បន្ទាប់ពីកកិច្ចពិភាក្សារយៈពេលបីថ្ងៃជាមួយនឹងសម័យប្រជុំពេញអង្គចំនួនប្រាំមួយ និងសម័យប្រជុំពិសេសចំនួនបី កិច្ចសន្ទនាស្សាងរី-ឡា (Shangri-La) លើកទី២៣ ដែលជាវេទិកាសន្តិសុខឈានមុខគេរបស់អាស៊ី បានបញ្ចប់នៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ចំពេលដែលពិភពលោកកំពុងបន្តប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើនដែលមិនអាចទាយទុកជាមុនបាន ចាប់តាំងពីការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចធំៗ និងជម្លោះដែលអូសបន្លាយ រហូតដល់បញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។
ចំណុចលេចធ្លោមួយដែលទាក់ទាញចំណាប់អារម្មណ៍ពិសេសរបស់អ្នកសង្កេតការណ៍ គឺការចូលរួមជាលើកដំបូង និងសុន្ទរកថាសំខាន់របស់អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម លោក តូ ឡាំ។
អ្នកប្រាជ្ញ អ្នកការទូត និងអ្នកជំនាញអន្តរជាតិជាច្រើនយល់ឃើញថាវត្តមានរបស់មេដឹកនាំបក្ស និងរដ្ឋវៀតណាមមិនត្រឹមតែឆ្លុះបញ្ចាំងពីជំហរកាន់តែរីកចម្រើនរបស់វៀតណាមនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់ប្រទេសនេះនៅក្នុងបញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។
លោកបណ្ឌិត បាស្ទៀន ជីជើរីច (Bastian Giegerich) អគ្គនាយកនិងជានាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ(IISS) និងជាអ្នករៀបចំកិច្ចសន្ទនាស្សាងរី-ឡា បានកត់សម្គាល់ថាសុន្ទរកថារបស់លោកអគ្គលេខាធិការ និងជាប្រធានាធិបតី ឡាំ ត្រូវបានថ្លែងនៅពេលដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមមស្មុគស្មាញជាច្រើន។ ក្នុងបរិបទនេះ វៀតណាមលេចចេញជាអង្គភាពយុទ្ធសាស្ត្រមួយ ដែលដៃគូជាច្រើនចង់យល់ និងសហការជាមួយដើម្បីលើកកម្ពស់ស្ថិរភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
អ្នកប្រាជ្ញមួយចំនួនបាននិយាយថា សារដ៏លេចធ្លោនៅក្នុងសុន្ទរកថាសំខាន់នោះ គឺជាការអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យធ្វើការងាររួមគ្នាដើម្បីដោះស្រាយវិបត្តិនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ ពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងបន្តរក្សាភាពស្នូលរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក។ ទស្សនៈទាំងនេះត្រូវបានចាត់ទុកថាពាក់ព័ន្ធនឹងតម្រូវការបន្ទាន់របស់ពិភពលោកនាពេលបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងហានិភ័យនៃការបែកបាក់ និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង។
បរិយាកាសពិភាក្សានៅក្នុងកិច្ចសន្ទនាស្សាងរី-ឡានៅក្នុងឆ្នាំនេះក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការព្រួយបារម្ភអំពីបរិយាកាសសន្តិសុខដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ ជម្លោះនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់របស់វាទៅលើផ្លូវដឹកជញ្ជូនជាយុទ្ធសាស្ត្រតាមរយៈច្រកសមុទ្រហ័រមុស បានក្លាយជាប្រធានបទមួយដែលគណៈប្រតិភូបានលើកឡើងជាញឹកញាប់។លើសពីនេះទៀត បញ្ហានៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមមហាអំណាចធំៗ សន្តិសុខដែនសមុទ្រ ការគ្រប់គ្រងភាពតានតឹងក្នុងតំបន់និងអនាគតនៃសណ្តាប់ធ្នាប់អន្តរជាតិក៏ត្រូវបានពិចារណាផងដែរ។
ដោយបញ្ចប់កិច្ចសន្ទនាស្សាងរី-ឡាលើកទី២៣ អ្នកជំនាញជាច្រើនជឿថា សារសំខាន់នៃវេទិកាឆ្នាំនេះ គឺជាតម្រូវការបន្ទាន់ដើម្បីពង្រឹងទំនុកចិត្ត បង្កើនការសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបរិយាកាសសន្តិសុខសកលលោកដែលកាន់តែស្មុគស្មាញ។
នៅក្នុងបរិបទនេះ វត្តមានរបស់វៀតណាមត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោទាំងអស់។ ការពិតដែលថាលោកអគ្គលេខាធិការ និងជាប្រធានរដ្ឋ ឡាំ បានថ្លែងសុន្ទរកថាសំខាន់ជាលើកដំបូងនៅក្នុងវេទិកាសន្តិសុខឈានមុខគេរបស់អាស៊ី មិនត្រឹមតែបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះជំហរ និងតួនាទីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីរូបភាពរបស់ប្រទេសវៀតណាមដែលមានភាពសកម្មក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





