ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើឱ្យបណ្តាប្រទេសនានាក្នុងអាស៊ាន រៀបចំព្រឹត្តិការណ៍ប្រកួតវាយសីនគរបាលជើងឯកអាស៊ាន ប្តូរវេនគ្នា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ប្តូរវេនគ្នា។
ការស្នើរបស់ឯកឧត្តមអភិសន្តិបណ្ឌិតបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់ដោយជោគជ័យនៃការប្រកួតកីឡាវាយសីជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាលើកទី២ ឆ្នាំ២០២៥ (លើកមកធ្វើនៅឆ្នាំ២០២៦) នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ស្ថិតក្នុងបរិវេនសាលាបឋមសិក្សា ចៅពញាហុក រាជធានីភ្នំពេញ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ៖«ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ គឺរាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃរៀបចំព្រឹត្តិការណ៍ប្រកួត ដែលមានប្រតិភូ និងអត្តពលិកជានគរបាលមកពីបណ្តាប្រទេសនានា ក្នុងសហគមន៍អាស៊ាន រួមមាន៖ ប្រទេសឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត និង វៀតណាមបានអញ្ជើញមកចូលរួម។ សម្រាប់ព្រឹត្តិការណ៍ប្រកួតរៀបចំឡើងនាឆ្នាំបន្ទាប់ៗទៀត ខ្ញុំស្នើបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងដោយប្តូរវេនគ្នា ហេតុនេះ ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតនៅបណ្តាឆ្នាំខាងមុខនឹងមានប្រទេសផ្សេងនៅក្នុងសហគមន៍អាស៊ាននឹងរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតនេះ»។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ប្រកួតនាពេលនេះ មិនត្រឹមតែបានបង្ហាញអំពីសមត្ថភាពនៃការលេងកីឡាវាយសីតែមួយមុខនោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរនូវបទពិសោធបច្ចេកទេសរបស់កីឡាករទៅវិញទៅមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្ហាញអំពីការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៃបណ្តាប្រទេសនានាក្នុងសហគមន៍អាស៊ានកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត។

បន្ថែមពីលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងទៀថា ជាការពិត ការរៀបចំកីឡាវាយសីនេះ ពិតជាព្រឹត្តិការណ៍មួយទាក់ទាញទៅដល់ស្រទាប់យុវជនឱ្យងាកមកចាប់អារម្មណ៍ការលេងកីឡា ចៀសឆ្ងាយពីល្បែងស៊ីសងខុសច្បាប់ និងចៀសឆ្ងាយគ្រឿងញៀនផងដែរ។ ម្យ៉ាងទៀតកីឡា ពិតជាបានផ្សារភ្ជាប់ជាមួយនឹងមិត្តភាព សាមគ្គីភាព និងការទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ ទោះបីថា កីឡាករម្នាក់ៗ ឬកីឡាករក្រុមនីមួយៗខិតខំប្រកួតប្រជែងដណ្តើមយកជ័យជម្នះរៀងខ្លួន ឬសម្រាប់ក្រុមខ្លួនក៏ពិតមែន ប៉ុន្តែអ្វីដែលជាការបន្សល់ទុកក្រោយពេលប្រកួតនោះគឺ មិត្តភាព សាមគ្គីភាព និងការទំនាក់ទំនង នេះឯង បើទោះបីជាយើងទទួលបានលទ្ធផលចាញ់ ឬឈ្នះក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានអបអរសាទរ និងសំដែងនូវសេចក្តីរីករាយជាមួយក្រុមកីឡាករ កីឡាការិនី ដែលទទួលបានជ័យជម្នះ ហើយឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី ដែលពុំទាន់ទទួលបានជ័យជម្នះ សូមឱ្យបន្តការហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែមទៀត ជាពិសេសថែរក្សាឱ្យបន្តការហ្វឹកហាត់ និងពង្រឹងស សុខភាពឱ្យបានរឹងមាំ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតក្រោយៗទៀត។ ឯកឧត្តមបានកោតសរសើរដល់ប្រតិភូ កីឡាករ កីឡាការិនីទាំងអស់ ដែលបានប្រកាន់ខ្ជាប់ និងគោរពតាមបទបញ្ជាបច្ចេកទេស បទបញ្ជានៃការប្រកួត ក្រមសីលធម៌កីឡា ជាពិសេសក្រោម ស្មារតីមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា លេងដោយយុត្តិធម៌ “Fair Play” ដែលជាសកម្មភាពកីឡាគួរឱ្យកោតសរសើរផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





