ស្ថាបនិកពានបាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជារៀបចំការប្រកួតរដូវកាលទី៤ ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦--លោក ហួត គីមងួន ដែលគេស្គាល់ច្បាស់ក្នុងវិស័យកីឡាបាល់ទាត់សប្បុរធម៌ គឺDoRi Cambodia ស្ថាបនិក និងគណ:កម្មការរៀបចំការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានអញ្ជើញតំណាងក្លឹបទាំង៨មកចូលរួមប្រជុំបច្ចេកទេស និងចាប់ឆ្នោតគូប្រកួត ដើម្បីបន្តបេសកកម្មក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា។
ស្ថាបនិករូបនេះគូសបញ្ជាក់ នៅក្រោយបញ្ចប់ការចាប់ឆ្នោត ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា បានរៀបចំដោយជោគជ័យចំនួន ៣រដូវកាលមកហើយ ដែលទទួលបានការគាំទ្រពីបណ្តាក្លឹបនានា ជាពិសេសការគាំទ្រពីមហាជន ក្នុងស្មារតីសប្បុរសធម៌ ដើម្បីបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ដែលកំពុងបន្តបេសកកម្មជួយសង្រ្គោះអាយុជីវិតកុមាដោយឥតគិតថ្លៃ។ នៅរដូវកាលថ្មី ២០២៦នេះគ្រោងនឹងដំណើរចាប់ពីថ្ងៃទី២០ ខែមិថុនា តទៅ ដោយលោករំពឹងថានឹងទទួលបានថវិកាពីសប្បុរសជននានាកាន់តែច្រើនសម្រាប់មន្ទីរពេទ្យទាំងពីរនេះ។

លោក ហួត គីមងួន គូសបញ្ជាក់ថា កាលពីរដូវកាលទី១ ថវិកាសប្បុរសធម៌ប្រមូលបាន ១៧ ០០០ ដុល្លារ, រដូវកាលទី២ បានត្រឹម ៥០០០ ដុល្លារ ហើយកាលពីរដូវកាលទី៣ ទទួលបានជាង ១ម៉ឺនដុល្លារដែរ។ សម្រាប់រដូវកាលទី៤ ដែលកំពុងរៀបចំត្រៀមការប្រកួតនេះ គឺក្រុមចូលរួមទាំង៨នឹងប្រមូលកៀរគរថវិកាសប្បុរសធម៌ពីសមាជិកខ្លួន និងអ្នកគាំទ្ររបស់ខ្លួននីមួយៗ ហើយនៅពេលបញ្ចប់រដូវកាល យើងនឹងបូកសរុបថវិកាជានិមិត្តរូបទាំងនោះប្រគល់ជូនដល់មន្ទីរពេទ្យទាំងពី ដោយរំលែកក្នុងចំនួនថវិកាស្មើគ្នា (សប្បុរសជនឧបត្ថម្ភដោយផ្ទាល់ដល់មូលនិធិ)។

ស្ថាបនិកពានរង្វាន់នេះបានលើកឡើងថា ដោយសារតែគោលបំណងចម្បងនៃព្រឹត្តិការណ៍បាល់ទាត់នេះគឺដើម្បីសប្បុរធម៌ ទើបការរៀបចំនេះទទួលបានការគាំទ្រពីបណ្តាក្លឹប មហាជន សប្បុរជននានាយ៉ាងច្រើនកុះករ ដែលជំរុញឱ្យលោកមានកម្លាំងចិត្តខ្លាំងក្លា ក្នុងការបន្តរួមឆន្ទៈគ្នាបំពេញបេសកកម្មសប្បុរសធម៌បន្ថែមទៀតផងដែរ។

លោក ដូរី បានប្រាប់ឱ្យដឹងថា នេះគឺជារដូវកាលទី៤ ហើយដែលលោកបានរៀបចំឱ្យមានការប្រកួតពានរង្វាន់បាល់ទាត់សប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្រៅពីការប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីពេទ្យគន្ធបុប្ផា ពានរង្វាន់បាល់ទាត់នេះ ក៏ធ្វើឡើងដើម្បីជាការរម្លឹកដល់គុណលោក Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនបង្កើតជាមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់ការព្យាបាលដល់កុមារកម្ពុជា អស់រយៈជាច្រើនឆ្នាំរហូតដល់ជីវិតចុងក្រោយរបស់លោក។ នេះក៏ជាការចងចាំ និងរម្លឹកគុណដែលលោកបានលះបង់សម្រាប់កុមារកម្ពុជា និងប្រជាជនខ្មែរផងដែរ។

លោកបានបន្ថែមថា អ្វីដែលខុសប្លែកពីរដូវកាលមុនៗនោះ គឺក្នុងរដូវកាល ២០២៦នេះ កីឡាករនៃក្រុមនីមួយៗត្រូវមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ។ ចំណែកលក្ខខណ្ឌនៃការចុះឈ្មោះ ក្រុមនីមួយៗត្រូវបរិច្ចាគយ៉ាងតិច ២លានរៀល ឬ៥០០$ ទៅឱ្យមន្ទីរពេទ្យទាំង២នេះ ដោយផ្ទាល់។ លោកបានបញ្ជាក់ថា ចំពោះដៃគូរសហការក៏អាចចូលរួមបានដោយផ្ទាល់ជាឡូហ្គោ ក្នុងផ្ទាំងផ្សព្វផ្សាយ និងរូបភាពគ្រប់ការប្រកួតរបស់កម្មវិធីប្រកួត ដោយបរិច្ចាគថវិកាឧបត្ថម្ភដូចគ្នាទៅកាន់មន្ទីពេទ្យដោយផ្ទាល់ ចាប់ពី២លានរៀល ឬ ៥០០ដុល្លារឡើងទៅ ឬចាប់ពី ២០០០ដុល្លារឡើងទៅ ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំ ក្នុងកម្មវិធីប្រកួតទាំងមូលតែម្តង៕
ដោយ ហេង ណាលីន





