ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធាមិនមែនជាបន្ទុករបស់សង្គមឬរបស់យុវជនទេ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦–ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ខណៈដែលច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាមិនមែនជាបន្ទុករបស់សង្គមឬរបស់យុវជនទេ ប៉ុន្តែ វាគឺជាឱកាសនិងជាសាលារៀនដែលយុវជនអាចហ្វឹកហាត់ចំណេះជំនាញយោធា ដើម្បីក្លាយជាធនធានមនុស្សដែលមានវិន័យ សីលធម៌ និងសមត្ថភាព ក៏ដូចជាការបណ្តុះស្មារតីស្នេហាជាតិ ដើម្បីត្រៀមជួយការពារជាតិ នៅពេលដែលជាតិត្រូវការ។
ការគូសបញ្ជាក់ពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមនាយកឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» ក្នុងខេត្តកោះកុងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ។ ប្រមុខការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យយុវជនដែលគ្រប់អាយុរៀបចំផែនការសិក្សា និងការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បី លៃលកពេលវេលាក្នុងការចូលបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំ។ ច្បាប់នេះមានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់ពីអាយុ១៨ ដល់២៥ឆ្នាំ លើកលែងតែស្ត្រី ដែលត្រូវផ្អែកទៅតាមការស្ម័គ្រចិត្ត។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុឱ្យបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលបានកំណត់។ សម្តេចប្រមុខរដ្ឋស្តីទីបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់សម្តេចក៏បានត្រៀមអនុវត្តច្បាប់នេះដោយគ្មានការលើកលែង។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិ ក៏បានរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជន ពីព្រោះក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូប សម្តេចពិតជាបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារវីរយុទ្ធជនជួរមុខ យុទ្ធជនពលី និងគ្រួសារអតីតយុទ្ធជន ដែលបានលះបង់ដើម្បីជាតិមាតុភូមិនិងប្រជាជន៕

ដោយ៖ គង់ សិរីរ័ត្ន





