សម្ដេចតេជោ ហ៊ុន សែន បន្តរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ --
ក្នុងខណៈអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ ចំនួន ៧៧៥នាក់ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
នេះជាបេសកកម្មលើកទី១០ និង១១ ខេត្ត-ក្រុង របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយពីផ្ដើមពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង ភ្នំពេញ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តពោធិ៍សាត់សាជាថ្មី។ សម្តេចតេជោបានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តពោធិ៍សាត់ទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។ សម្តេចតេជោ ក៏បានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្ដេចបានជំរុញ និងគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីធានាបាននូវចំណូលថវិកាជាតិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោបានបន្តរម្លឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន និងក្រើនរម្លឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការកៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ ទន្ទឹមនេះ សម្ដេចតេជោ ក៏ជំរុញឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ ជាងនេះទៀត សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។

បើតាមរបាយការណ៍របស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនសម្រាប់បម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ក្នុងនោះទាក់ទងទៅនឹងវិស័យថាមពល ខេត្តពោធិ៍សាត់ មានវារីអគ្គិសនី៣កន្លែង ទី១ដែលមានអានុភាព១២០មេហ្កាវ៉ាត់ស្ថិតនៅស្ទឹងអាតៃ ទី២មានអានុភាព៨០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយស្រុកវាលវែង (ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់តេជោ ហ៊ុន សែន) និងទី៣អានុភាព១៥០មេហ្កាវ៉ាត់ដែលកំពុងសាងសង់គឺវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងវារីអគ្គិសនីស្ទឹងមេទឹកស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដាស្រុកវាលវែង។ ជាមួយគ្នានេះខេត្តពោធិ៍សាត់មានស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យនៅស្រុកក្រគរ ដែលមានអានុភាពផលិតអគ្គិសនីបាន២៤០មេហ្កាវ៉ាត់កំពុងដំណើរការ និងគ្រោងសាងសង់ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យមានអានុភាព៣៥០មេហ្កាវ៉ាត់បន្ថែមទៀត ស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយស្តុកថាមពលដោយអាគុយ២០០មេហ្កាវ៉ាត់ផងដែរ។


ឯកឧត្ដមអភិបាលខេត្តបានឱ្យដឹងទៀតថា ចំពោះវិស័យឧស្សាហកម្មវិញ ខេត្តមានរោងចក្រសហគ្រាសជាច្រើនកន្លែងដូចជា រោងចក្រដំឡើងរថយន្តហ្វ័ត(Ford) រោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតទឹកស្អាត និងសហគ្រាសមួយចំនួនទៀត ដែលអាចស្រូបយកកម្លាំងពលកម្មប្រមាណ ១៥ ៨១៥ នាក់៕
ដោយ៖ ជឹម ណារី





