ក្រុមវ័យចាស់ Grade Z FT ឈ្នះជើងឯក កីឡាមហាជនខេត្តកណ្តាល ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦--នៅទីបំផុត ក្រុមវ័យចាស់ Grade Z FT បានឈ្នះជើងឯក ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ឆ្នាំ២០២៦ បន្ទាប់ពីបានយកឈ្នះក្រុមមហាមិត្ត ដោយលទ្ធផលបច្ចេកទេស ២-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋានខេត្តកណ្តាល ខណៈក្រុមម៉ូស្លីមភូមិព្រែកតាពៅ ទទួលបានចំណាត់ថ្នាក់លេខ៣។
ថ្លែងក្នុងឱកាសបិទការប្រកួត លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានគូសបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលរៀបចំលើ៤ប្រភេទកីឡាដូចជាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ដោយបានដំណើរការអស់រយៈពេល៧ថ្ងៃកន្លងមក ប្រកបដោយលទ្ធផលល្អប្រសើរតាមការគ្រោងទុក។ ការប្រកួតនាឱកាសនេះ បានបង្ហាញឱ្យឃើញថា វិស័យកីឡាក្នុងខេត្តកណ្តាល មានការផុសផុល ដែលបញ្ជាក់ថាប្រជាពលរដ្ឋ មហាជន ងាកមកលេងកីឡា រឹតចំណងមិត្តភាព មានរាងកាយមាំមួន និងមានសុខភាពល្អ ជាពិសេសផ្នែក កីឡាបាល់ទាត់។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានខិតខំយកចិត្តទុកដាក់ក្នុងការជំរុញសកម្មភាព ប្រកួតឱ្យបានច្រើន សម្រាប់ចម្រាញ់យកកីឡាករដែលល្អ មានទេពកោសល្យ ដើម្បីជាតំណាងខេត្តចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ឬការប្រកួតផ្សេងៗតាមការចាំបាច់របស់មន្ទីរ។


លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានបន្ថែមថា ស្ថិតក្នុងពេលបច្ចុប្បន្ននេះ គោលនយោបាយជាតិនៃការអភិវឌ្ឍអប់រំកាយ និងកីឡាត្រូវបានរាជរដ្ឋាភិបាលដាក់ចេញឱ្យអនុវត្ត និងជំរុញសកម្មភាពនេះ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជំងឺ ដង្កាត់ទាំងឡាយផង ដូចពាក្យស្លោកថា “កីឡានាំមកនូវសុខភាពល្អ និងសេចក្តីថ្លៃថ្នូរ”។

លោក ចេង សំអ៊ុល លើកឡើងទៀតថា បច្ចុប្បន្ន ខេត្តកណ្តាលជាមានប្រភេទកីឡាមួយចំនួនមានសក្តានុពល ដូចជា បាល់ទាត់ បាល់បោះ អត្តពលកម្ម ទាញព្រ័ត្រ ប៉េតង់ ប្រដាល់គុនខ្មែរ គុនល្បុក្កតោ ទូកង ទូកខ្នាតអន្តរជាតិ និងប្រភេទកីឡាជាច្រើនទៀត។ ការរីកចម្រើនក្នុងវិស័យកីឡា ដែលមានធនធានប្រកបដោយសក្តានុពលនេះ ក៏មានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្នុងការជំរុញលើកទឹកចិត្តឱ្យមានការប្រកួតកីឡាមហាជននេះឡើង ក្នុងនោះអភិបាលនៃគណៈអភិបាលក្រុង ស្រុក អង្គភាពមន្ទីរជុំវិញខេត្ត សមាគម ក្លឹបកីឡាទាំងអស់ក្នុងខេត្ត បានរួមចំណែកក្នុងការបង្កើតឱ្យមានក្រុមកីឡាចូលរួមប្រកួតជារៀងរាល់ឆ្នាំផងដែរ៕
ដោយ ហេង ណាលីន





