សម្ដេចធិបតី៖ ខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឱ្យកម្ពុជាមិនមែនឱ្យទៅថៃដូចការលើកឡើងនោះទេ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦–ម្សិលមិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់សម្ដេចពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន (២៩ ឧសភា ១៩៩៩)។
មានប្រជាពលរដ្ឋថៃមួយចំនួនបានចូលមកសរសេរបញ្ចេញមតិថា សម្ដេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ មានការបញ្ចេញមតិបែបនេះ ជាច្រើនលើករួចមកហើយ ដែលសម្ដេចមិនដែលឆ្លើយតប ដោយសារមិនចង់យកបញ្ហានេះមកបកស្រាយនាំឱ្យវែងឆ្ងាយដោយមិនចាំបាច់។ ពេលនេះ សម្ដេចសូមបញ្ជាក់បន្តិចដើម្បីបញ្ចប់ការយល់ខុសនេះតទៅទៀត។ ជាចម្លើយខ្លី គឺសម្ដេចមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ហេតុផលគឺសាមញ្ញបំផុត÷
១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅឱ្យបេក្ខជនពីប្រទេសផ្សេងមួយទៀត(កម្ពុជា)ទេ។
២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងទេ។ សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។
៣. សញ្ញាបត្ររបស់សម្ដេចពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។
បើសិនជាសម្ដេចប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ ប្រាកដជាសម្ដេចត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។
សម្រាប់រូបសម្ដេច គឺនៅឆ្នាំ១៩៩៥ បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។ ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែល «ខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឱ្យកម្ពុជាមិនមែនឱ្យទៅថៃដូចការលើកឡើងនោះទេ»។
បើអ្នកណាចង់បញ្ជាក់ថាតើវាជាការពិតឬមិនពិតនោះ គឺងាយស្រួលបំផុត ដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃ ឬស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃ ថាធ្លាប់បានធ្វើការធានា ឬផ្តល់ការគាំទ្រដល់បេក្ខជនពីកម្ពុជា ដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ឬទេ? អ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point តែម្ដងក៏បានលើករណីនេះ។ សម្ដេចធិបតី ជឿជាក់ថាច្បាស់ថា គឺគ្មានករណីនេះទេ។
៥. សម្ដេចសង្ឃឹមថា ការបញ្ជាក់នេះ នឹងបញ្ចប់នូវការយល់ខុសថា សម្ដេចបានទៅរៀនសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃ ដែលមិនមែនជាការពិត៕


ដោយ៖ គង់ សិរីរ័ត្ន





