ក្រុមគ្រូពេទ្យចិនផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃនៅប្រទេសសៀរ៉ាឡេអូន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ -- ក្រុមគ្រូពេទ្យចិនក្រុមទី២៧បានទៅកាន់ប្រទេសសៀរ៉ាឡេអូន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើគ្លីនិកវេជ្ជសាស្ត្រឥតគិតថ្លៃមួយនៅទីក្រុងហ្វី្រថោន ដែលជារដ្ឋធានីរបស់ប្រទេស ដើម្បីជួយកែលម្អការទទួលបានសេវាថែទាំសុខភាព និងបង្កើនការយល់ដឹងអំពីការបង្ការជំងឺក្នុងចំណោមប្រជាជនក្នុងតំបន់។
វេជ្ជបណ្ឌិតចិនដែលមានជំនាញខាងផ្នែកកុមារ ឱសថបុរាណចិន និងវិស័យផ្សេងៗទៀត បានផ្តល់ការពិគ្រោះយោបល់ និងសេវាវេជ្ជសាស្ត្រដល់សមាជិកសហគមន៍។
ដើម្បីដោះស្រាយតម្រូវការថែទាំសុខភាពរបស់ស្ត្រី និងកុមារ លោកហ្សូ ចេង (Zhou Cheng) ដែលជាសមាជិកក្រុមគ្រូពេទ្យបានធ្វើការពិនិត្យអ៊ុលត្រាសោនរោគស្ត្រីសម្រាប់ស្ត្រីក្នុងតំបន់ជិត ២០នាក់ រួមទាំងស្ត្រីមានផ្ទៃពោះជាង ១០នាក់ ដោយផ្តល់ការគាំទ្ររោគវិនិច្ឆ័យទាន់ពេលវេលាសម្រាប់ការថែទាំសុខភាពមាតា។
បន្ថែមពីលើសេវាព្យាបាល ក្រុមនេះក៏បានរៀបចំការបង្រៀនសុខភាពសាធារណៈដែលមានគោលបំណងបង្កើនការយល់ដឹងអំពីការបង្ការជំងឺនៅកម្រិតសហគមន៍ផងដែរ។
លោក ហាវ៉ាណាទូ ប្លេសស៊ីង ទូរ៉ាយ (Hawanatu Blessing Turay)មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅមជ្ឈមណ្ឌលវះកាត់ និងកុមារ Goderich បានសរសើរគំនិតផ្តួចផ្តើមនេះ និងបានពិពណ៌នាអំពីការផ្សព្វផ្សាយនេះថាមានប្រយោជន៍ខ្លាំងដល់សហគមន៍ក្នុងតំបន់។
លោក ទូរ៉ាយ បាននិយាយថា «ការរួមបញ្ចូលគ្នានៃសេវាព្យាបាលប្រកបដោយវិជ្ជាជីវៈ និងការអប់រំសុខភាពបង្ការបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវបទពិសោធន៍ថែទាំសុខភាពរបស់សហគមន៍»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





