រដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាន ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃព្រហស្បតិ៍ បានជួបជាមួយឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងជារដ្ឋមន្ត្រីការបរទេស លោក ម៉ូហាម៉ាដ អ៊ីសាក ដារ(Mohammad Ishaq Dar) នៅទីក្រុងញូវយ៉ក ហើយបានផ្លាស់ប្តូរទស្សនៈជាមួយលោកលើស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថាប្រទេសប៉ាគីស្ថានបានសម្របសម្រួលយ៉ាងសកម្មនៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយជាអ្នកសម្របសម្រួលដែលគួរឱ្យទុកចិត្ត និងមានសមត្ថភាព។
លោកបានបន្ថែមថា ប្រទេសចិននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ប្រទេសប៉ាគីស្ថាន និងខិតខំជំរុញឱ្យមានការសន្ទនា និងការចរចា និងលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ ដើម្បីស្តារសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ចំពោះលោក ដារ បានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការគាំទ្ររបស់ខ្លួននៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាន។ លោកបាននិយាយថា ប៉ាគីស្ថាន និងចិនបានដាក់ចេញនូវសំណើប្រាំចំណុចស្តីពីសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយ។ ប៉ាគីស្ថាននឹងបន្តដើរតួនាទីយ៉ាងស្ថាបនាក្នុងការបន្ធូរបន្ថយស្ថានការណ៍។
ស្តីពីទំនាក់ទំនងទ្វេភាគី លោក វ៉ាង បាននិយាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាស សារីហ្វ (Shehbaz Sharif) បានធ្វើដំណើរទស្សនកិច្ចដ៏ជោគជ័យមួយទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនោះមេដឹកនាំនៃប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នាថ្មីដ៏សំខាន់ ដោយលើកកម្ពស់ការកសាងសហគមន៍ចិន-ប៉ាគីស្ថាន ដែលមានអនាគតរួមគ្នាដល់កម្រិតថ្មីមួយ។
លោក វ៉ាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប៉ាគីស្ថាន ដើម្បីរក្សាការផ្លាស់ប្តូរកម្រិតកំពូល ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនសមត្ថភាពរបស់ប៉ាគីស្ថានសម្រាប់ការអភិវឌ្ឍដោយខ្លួនឯងនិងពន្លឿនការកសាងសហគមន៍ចិន-ប៉ាគីស្ថាន ដែលកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។
លោក ដារ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក សារីហ្វទៅកាន់ប្រទេសចិន គឺជាជោគជ័យដ៏អស្ចារ្យមួយ។ ប៉ាគីស្ថានបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិន ដើម្បីអនុវត្តការឯកភាពគ្នាដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងយុទ្ធសាស្ត្រការអភិវឌ្ឍ ជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងប៉ាគីស្ថាន-ចិនជាបន្តបន្ទាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





