ចិនកំពុងចរចាជាមួយសហភាពអឺរ៉ុបលើពន្ធដែកថ្មី
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងចូលរួមក្នុងការចរចាជាមួយសហភាពអឺរ៉ុប (EU) ក្នុងក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោកលើផែនការរបស់សហភាពអឺរ៉ុបក្នុងការអនុវត្តពន្ធដែកថែបថ្មីចាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំនេះតទៅ។
អ្នកនាំពាក្យក្រសួង លោក ហេ យ៉ាដុង (He Yadong) បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានថា ចលនារបស់សហភាពអឺរ៉ុបគឺជាការការពារពាណិជ្ជកម្ម ដែលមិនត្រឹមតែបរាជ័យក្នុងការរក្សាការប្រកួតប្រជែងនៃឧស្សាហកម្មដែកថែបរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងរំខានដល់ពាណិជ្ជកម្មដែកថែបចិន-សហភាពអឺរ៉ុប យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ស្ថិរភាពនៃផលិតកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។
លោក ហេ បាននិយាយថា ប្រទេសចិនសង្ឃឹមថានឹងសម្រេចបានលទ្ធផលឈ្នះ-ឈ្នះតាមរយៈការចរចា ហើយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងមានសុខភាពល្អនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប។
អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រសិនបើសហភាពអឺរ៉ុបរើសអើងក្រុមហ៊ុន និងផលិតផលចិន ប្រទេសចិននឹងចាត់វិធានការសមស្របដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងរឹងមាំ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





