អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញពីដំណើរការសំណុំរឿង ការស៊ើបអង្កេត និងលទ្ធផលសវនាការមួយចំនួនទៅលើជនសង្ស័យក្នុងរឿងប្រឆាំងអំពើពុករលួយ
AKP ភ្នំពេញ ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៦ --
ក្នុងកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញអំពីដំណើរការសំណុំរឿង ដំណើរការស៊ើបអង្កេត និងលទ្ធផលសវនាការមួយចំនួនទៅលើជនសង្ស័យក្នុងករណីប្រឆាំងអំពើពុករលួយប្រចាំខែឧសភា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយក្នុងខែឧសភានេះ បានកសាងសំណុំរឿងជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលចំពោះករណីស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ (គ្រូពេទ្យមួយរូប និងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុក) ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (សំបុត្រពេទ្យបញ្ជាក់ថាឈឺដោយមិនពិត) ប្រហែល ៣០ ទៅ ៤០នាក់ក្នុងមួយខែៗ។ ប្រភពខាងលើនេះ បានឱ្យដឹងដែរថា ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើបច្ចុប្បន្នភាពនៃការស៊ើបអង្កេត របស់សាលាដំបូងខេត្តសៀមរាបលើករណីអ្នកស្រី ឡេង ចាន់ណា (រឿងរដ្ឋប្បវេណី ១៩សំណុំរឿង និងព្រហ្មទណ្ឌ ៣២សំណុំរឿង) និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ អ.ប.ព. ទៅលើឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. និងអ្នកស្រី ឡេង ចាន់ណា និងបក្សពួក។ អ្នកស្រី ឡេង ចាន់ណា - ចាន់ ឃិន - ផុន សាមាន ទទួលស្គាល់ថា បានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិកពីមេ២៥ ហើយបានយកលុយទាំងនោះទិញដីអភិវឌ្ឍន៍គម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។

ក្រៅពីនេះ នៅក្នុងសេចក្តីជូនដំណឹងខាងលើនេះក៏បានបង្ហាញពីលទ្ធផលសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លើករណី កន សុខកាយ ដួង តារា លី សាម៉េត ឡាច សំរោង ពីបទប៉ុនប៉ងសូកប៉ាន់ផងដែរ។
គួរបញ្ជាក់ថា ក្នុងខែឧសភានេះ អង្គភាពប្រឆាំងក៏បានបញ្ជាក់ឱ្យដឹងអំពីករណីឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍មកលើមន្ត្រី និងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយក TNM TV Online និងករណីអ្នកស្រី ភី គឹមសុង ភរិយាជនត្រូវចោទ និងយ៉ាត កុសល បរិហារមួលបង្កាច់លើអង្គភាពប្រឆាំងអំពើពុករលួយជាដើម៕

ដោយ៖ មករា





