ក្រសួងសុខាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសលុចសំបួ ជាមួយឯកឧត្តម Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសលើការលើកកម្ពស់សេវាសុខាភិបាលប្រកបដោយសមធម៌ គុណភាព និងភាពធន់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផលនិងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។
ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ កម្ពុជា លុចសំបួ នឹងផ្តោតលើទិសដៅអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន៖ ១) ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ២) ការគាំទ្រសម្ភារបរិក្ខារពេទ្យ ៣) ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ៤) សុខភាពបន្តពូជ មាតា ទារក និងកុមារ (RMNCH) ៥) ការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

ជាមួយគ្នានេះ ភាគីលុចសំបួបានជម្រាបជូនអំពីផែនការសកម្មភាពបន្ត រួមមានការចុះបំពេញបេសកកម្មរបស់ក្រុមការងារទីភ្នាក់ងារអភិវឌ្ឍលុចសំបួ (LuxDev) នៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៦ និងការបង្កើតការិយាល័យតំណាង LuxDev នៅរាជធានីភ្នំពេញ ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការសម្របសម្រួល និងការអនុវត្តកម្មវិធីសុខាភិបាលទ្វេភាគី ស្របតាមអាទិភាពជាតិ និងគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC)។
ពិធីចុះហត្ថលេខា និងកិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដោយភាគីទាំងពីរបានផ្លាស់ប្តូរឯកសារ MoU ក្នុងស្មារតីប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងកម្ពុជា និងលុចសំបួ ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





