ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥២គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស ទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥២គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយអំណោយនេះត្រូវបានផ្តល់ជូនតាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ក្នុងពេលចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមគ្រួសាររងគ្រោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្កកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះចំពោះឧប្បត្តិហេតុដោយគ្រោះធម្មជាតិបង្កឡើង និងបាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលចង់ ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋហើយ នៅពេលមានជនរងគ្រោះ សម្តេចតែងតែឱ្យថ្នាក់ដឹកនាំ នាំយកជំនួយសង្គ្រោះបន្ទាន់ចុះជួយដល់រងគ្រោះ ក្រោមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុណាមួយ ពិសេសនៅពេលមានភ្លៀងតែងកើតមាននូវបាតុភូត ផ្គររន្ទះ ឬខ្យល់កន្ត្រាក់បងប្អូន គប្បីពិនិត្យរាល់ស្ថានភាពកើតមានហើយត្រូវ រកកន្លែងដែលមានសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។

ចំពោះអំណោយដែលជូនពលរដ្ឋរងផលប៉ះពាល់ទាំង៥២គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គ.ក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកពិសាប្រណិត វីអាក់ទីវ ១កេស និងឃីត១ សម្រាប់។ ដោយឡែក ចំពោះថវិកា បានផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង។ គ្រួសាររងផលប៉ះពាល់កម្រិតក្នុង១គ្រួសារទទួបានថវិកាចំនួន៤០០,០០០រៀល។ ប៉ះពាល់ កម្រិតមធ្យមទទួលបាន២០០,០០០ រៀល និងកម្រិតស្រាលទទួលបាន១០០,០០០រៀល។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារប្រគេនទេយ្យទានដល់ព្រះចៅអធិការវត្តអូរស្វាយ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ៤យួរ ទឹកពិសារប្រណិត ៤កេស និងបច្ច័យ ១ ០០០ ០០០ រៀលផងដែរ៕
ដោយ ឆាយ ម៉ុត





