ម៉ាឡេស៊ីជំរុញវិស័យមិនរកប្រាក់ចំណេញដើម្បីដោះស្រាយបញ្ហាប្រឈមសង្គម-សេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីកំពុងកៀរគរវិស័យមិនរកប្រាក់ចំណេញដើម្បីជួយដោះស្រាយបញ្ហាប្រឈមសង្គម-សេដ្ឋកិច្ចដែលកំពុងកើនឡើង តាមរយៈការបើកដំណើរការវេទិកាផ្លាស់ប្តូរសង្គមដោយគណៈកម្មការមូលបត្រម៉ាឡេស៊ី។
ថ្លែងទៅកាន់សារព័ត៌មាននៅក្នុងពិធីបើកដំណើរការកាលពីពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក លីវ ជីនតុង បាននិយាយថាប្រទេសម៉ាឡេស៊ីត្រូវការកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយក្នុងចំណោមអង្គភាពមិនរកប្រាក់ចំណេញ សហគ្រាសសង្គម និងអង្គការដែលជំរុញដោយសង្គមផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដូចជាចំនួនប្រជាជនវ័យចំណាស់ ហានិភ័យអាកាសធាតុ និងការព្រួយបារម្ភអំពីការងារ និងប្រាក់ឈ្នួលក្នុងចំណោមយុវជនជំនាន់ក្រោយ។
លោក លីវ បាននិយាយថា «វិស័យទីបី» មិនគួរត្រូវបានគេមើលឃើញថាជាអង្គភាពមិនរកប្រាក់ចំណេញទាំងស្រុងនោះទេ ប៉ុន្តែក៏អាចរួមបញ្ចូលអង្គភាពដែលមាននិរន្តរភាពពាណិជ្ជកម្មដែលបន្តគោលបំណងសង្គមផងដែរ។
លោកបានចង្អុលបង្ហាញពីការថែទាំសុខភាពជាឧទាហរណ៍មួយ ដែលប្រតិបត្តិករឯកជននៅតែអាចអនុវត្តមុខងារសង្គមកាន់តែទូលំទូលាយប្រសិនបើពួកគេត្រូវបានគ្រប់គ្រង និងមានតម្លាភាពត្រឹមត្រូវ។
យោងតាមរូបលោក បានឱ្យដឹងថា អ្នកធ្វើគោលនយោបាយគួរតែអនុម័តវិធីសាស្រ្តទូទាំងប្រទេស ដោយវិស័យមិនរកប្រាក់ចំណេញរួមបញ្ចូលអង្គការជាច្រើនប្រភេទ ចាប់ពីអង្គការសប្បុរសធម៌ជួយពលរដ្ឋសាមញ្ញរហូតដល់សហគ្រាសសង្គម និងអាជីវកម្មផ្សេងទៀតដែលបង្កើតជាផ្នែកមួយនៃវិស័យនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





