ភាពជាអ្នកដឹកនាំ មិនមែនស្ថិតតែលើអំណាច ឬតួនាទីប៉ុណ្ណោះទេ ប៉ុន្តែគឺជាចក្ខុវិស័យ ភាពក្លាហាន ការទទួលខុសត្រូវ និងសមត្ថភាព
AKP កំពង់ធំ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ភាពជាអ្នកដឹកនាំ មិនមែនស្ថិតតែលើអំណាច ឬតួនាទីប៉ុណ្ណោះទេ ប៉ុន្តែគឺជា ចក្ខុវិស័យ ភាពក្លាហាន ការទទួលខុសត្រូវ និងសមត្ថភាព ក្នុងការជំរុញអ្នកជំវិញឱ្យយល់ក្នុងភាពជាម្ចាស់ ដើម្បីរួមដំណើរឆ្ពោះទៅសម្រេចគោលដៅច្បាស់លាស់មួយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញធ្វើបាឋកថាស្តីពី «បទពិសោធន៍ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល» ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសិស្សមន្រ្តីជាន់ខ្ពស់ មន្រ្តីក្រមការ និងកម្មសិក្សាការីវគ្គវិក្រឹត្យការ នៅសាលាភូមិន្ទរដ្ឋបាល ដែលមានការចូលរួមផ្ទាល់ ២៣០ អង្គ/នាក់ និងតាមប្រព័ន្ធអនឡាញ ៥៣៨អង្គ/នាក់ នៅសាលាភូមិន្ទរដ្ឋបាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល។ ភាពជាអ្នកដឹកនាំពិតប្រាកដ ត្រូវបានកសាងឡើងតាមរយៈបទពិសោធន៍ វិន័យ ការស្តាប់ ភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ។ ការចែករំលែកទាំងនេះនឹងជំរុញ និងលើកទឹកចិត្តដល់អ្នកដឹកនាំជំនាន់ថ្មីរបស់កម្ពុជា ប្រកបដោយឧត្តមភាព សុចរិតភាព និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍជាតិ។ ភាពជាអ្នកដឹកនាំពិតប្រាកដប្រែក្លាយបញ្ហាប្រឈមទៅជាវឌ្ឍនភាព៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





