ស្នងការនគរបាលរាជធានីភ្នំពេញណែនាំអធិការនគរបាលខណ្ឌទាំង១៤ បន្តសហការជាមួយរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យកន្លែងធ្វើការ និងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអធិការនគរបាលខណ្ឌទាំង១៤ ឱ្យបន្តយកចិត្តទុកដាក់រៀបចំផែនការ និងទិសដៅសហការជាមួយរដ្ឋបាលខណ្ឌក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការ និងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានលើកឡើងពីការគ្រប់គ្រង និងពង្រឹងការត្រួតពិនិត្យកម្លាំងនៅតាមអង្គភាពនីមួយៗឱ្យបានម៉ឺងម៉ាត់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងនោះអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការ និងទិសដៅសហការជាមួយរដ្ឋបាលខណ្ឌក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការ និងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លើសពីនេះ ឯកឧត្តមក៏បានណែនាំឱ្យបន្តបង្រ្កាបក្មេងទំនើង និងស្រាវជ្រាវតាមជំនាញបង្រ្កាបមុខសញ្ញាដែលកំពុងគេចខ្លួន និងមុខសញ្ញាក្រុមក្មេងទំនើបទើបកើតថ្មី។ ណែនាំបន្តយកចិត្តទុកដាក់ថែទាំ គ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានល្អ និងធ្វើរបាយការណ៍អំពីប៉ុស្តិ៍ដែលទ្រុឌទ្រោម។ ណែនាំបន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសស្រាវជ្រាវតាមដានក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និងបោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋាន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត បើមិនធ្វើ ឬឃុបឃិតនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ព្រមទាំងណែនាំឱ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតាមគោលដៅដែលមានបញ្ហាប្រឈមការកកស្ទះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)





