ធនាគារពិភពលោក និង SDF ពិភាក្សា ដើម្បីសម្រួចគម្រោងអាទិភាព “ជំនាញដើម្បីការងារកាន់តែប្រសើរឡើង”
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--នៅទីស្នាក់ការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៦ SDF ធនាគារពិភពលោក (World Bank) និងអង្គភាពអនុវត្តគម្រោង បានជួបប្រជុំគ្នាក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង “ជំនាញដើម្បីការងារកាន់តែប្រសើរឡើង (SBJ Project)” ដើម្បីធានាថា ការអភិវឌ្ឍជំនាញនៅកម្ពុជា មានគុណភាពខ្ពស់ និងឆ្លើយតបតម្រូវការទីផ្សារការងារ។

ក្នុងកិច្ចពិភាក្សា ធនាគារពិភពលោកបានកត់សម្គាល់ពីវឌ្ឍនភាពវិជ្ជមាន និងសម្តែងការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តគម្រោងរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ SDF ដោយគិតត្រឹម ខែឧសភា ឆ្នាំ២០២៦ មានសហការជាមួយសមាគមវិស័យចំនួន៦ ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ និងផលិតភាពផ្អែកលើតម្រូវការឧស្សាហកម្ម ដែលរួមមាន ការរៀបចំវេទិកាពិភាក្សាជាមួយក្រុមហ៊ុន គ្រឹះស្ថានបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ដើម្បីកំណត់គម្លាតជំនាញ និងភ្ជាប់សហគ្រាសដែលមានតម្រូវការទៅកាន់គ្រឹះស្ថានបណ្តុះបណ្តាល ការពង្រីកសកម្មភាពផ្សព្វផ្សាយនៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីស្វែងយល់ពីតម្រូវការជំនាញក្នុងឧស្សាហកម្ម និងជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញផលិតភាព ការគាំទ្រការអភិវឌ្ឍជំនាញក្នុងវិស័យអាទិភាពដូចជាវិស័យយានយន្ត ឌីជីថល, ICT, អេឡិចត្រូនិក ជំនាញមូលដ្ឋាន និងជំនាញទន់ចាំបាច់នានា។

ជាកិច្ចការអាទិភាព SDF នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ និងជាប្រចាំជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលដែលមានគុណភាព ដើម្បីសំយោគ សម្រួច និងតម្រង់ទិសកម្មវិធីគាំទ្រពាក់ព័ន្ធ ដើម្បីបង្កើនភាពបំពេញបន្ថែមគ្នា និងដាក់ចេញកម្មវិធីថ្មីជាយុទ្ធសាស្ត្ររួមគ្នា៕

ដោយ ណយ នឿន (ប្រភព៖ SDF)





