ឯកឧត្តម ហ៊ែល តូនី និងឯកអគ្គរដ្ឋទូតរងអូស្រ្តាលី អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ផ្ទៀងផ្ទាត់ចុងក្រោយ ស្តីពីសន្តិសុខទឹកអាងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ីភ្នំពេញ (Hyatt Regency, Phnom Penh) នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយ លោកជំទាវ Bridget Collier ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងផ្នែកទឹក ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ចុងក្រោយ ស្តីពីការវាយតម្លៃសន្តិសុខទឹកអាងទន្លេសាប World Bank (WB), Australian Water Partnership (AWP) ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរ បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងបង្ហាញពីលទ្ធផលស្រាវជ្រាវនៃរបាយការណ៍ SOTB និងWSA ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យវិទ្យាសាស្រ្ត ព័ត៌មាន និងសេចក្តីសន្និដ្ឋាននៃការវិភាគតាមរយៈការផ្តល់មតិ ការពិភាក្សារបស់ភាគីពាក់ព័ន្ធ បង្កើនការយល់ដឹង និងភាពជាម្ចាស់រួមគ្នារវាងភាគីទាំងអស់ ដើម្បីកំណត់សកម្មភាពអាទិភាពសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំខាន់ៗ បង្កើតបានជាផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រគោលនយោបាយ ដើម្បីកំណត់ជំហ៊ានបន្ទាប់ ឈានទៅធ្វើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ការវិនិយោគ និងការសម្របសម្រួលក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងអាងទន្លេសាប ព្រមទាំងប្រមូលផ្ដុំភាគីពាក់ព័ន្ធ ឱ្យមានការឯកភាពគ្នាកំណត់គោលដៅគម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួលខុសត្រូវ និងហានិភ័យដែលអាចកើតមានឡើងធ្វើយ៉ាងណាឱ្យមានការយល់ដឹងរួមគ្នាមុននឹងឈានទៅមុខជាមួយនឹងការអនុវត្តគម្រោងរួម។

សូមជម្រាបជូនថា សិក្ខាសាលាខាងលើមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរទន្លេសាប ក្រសួង-ស្ថាប័នពាក់ពន្ធ័ ខេត្តជុំវិញបឹងទន្លេសាប អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លេីការងារដែលត្រូវបានបង្កើតឡើងជាសេចក្តីព្រាង រួមមាន៖ ទី១. របាយការណ៍ស្ថានភាពអាងទន្លេសាប (SOTB) ទី២. របាយការណ៍ ស្តីពីការវាយតម្លៃសន្និសុខទឹកទន្លេសាប (WSA) និងទី៣. សេចក្តីសង្ខេបគោលនយោបាយស្តីពីវិស័យសំខាន់ៗ។ របាយការណ៍ទាំងនេះបង្ហាញអំពីការសំយោគទិន្នន័យ ការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ការវាយតម្លៃបញ្ហាប្រឈមសន្តិសុខទឹក ការកំណត់ចំណុចក្តៅអាទិភាព និងការលើកជាអនុសាសន៍ យុទ្ធសាស្រ្តសម្រាប់ពង្រឹងការគ្រប់គ្រងអាងបឹងចម្រុះ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





