រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបិទផ្លូវម្ខាងនិងបើកម្ខាងតាមបណ្តោយផ្លូវជាតិលេខ៥ភូមិសាស្រ្តខណ្ឌឫស្សីកែវនៅថ្ងៃទី២៨ ឧសភា ដោយសារជីកបង្កប់ទុយោដែកឆ្លងកាត់ផ្លូវ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងពីការបិទផ្លូវម្ខាង និងបើកម្ខាង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តការងារជីកបង្កប់ទុយោដែកឆ្លងកាត់ផ្លូវនៅចំណុចស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩។

យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឱ្យដំណើរការគម្រោងនេះអាចអនុវត្តបានដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨៖០០ នាទីព្រឹក រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧៖០០ នាទីល្ងាច។

សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់។

រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ លើកំណាត់ផ្លូវខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់ៗ៕
ដោយ សួស សំរិត





