លោក ឡាវរ៉ូវ ជម្រាបលោក រូប៊ីអូ អំពីការវាយប្រហាររបស់រុស្ស៊ីទៅលើមូលដ្ឋានយោធានៅទីក្រុងគៀវ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ ដែលក្នុងអំឡុងពេលនោះ លោកបានជម្រាបជូនភាគីសហរដ្ឋអាមេរិកអំពីការចាប់ផ្តើមវាយប្រហារជាប្រព័ន្ធដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីប្រឆាំងនឹងមូលដ្ឋានយោធាអ៊ុយក្រែននៅទីក្រុងគៀវ។ នេះបើយោងតាមក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តាមការណែនាំពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានជម្រាបជូនភាគីអាម៉េរិកជាផ្លូវការថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់របស់របបគៀវប្រឆាំងនឹងជនស៊ីវិល និងមូលដ្ឋានស៊ីវិលនៅលើទឹកដីរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងបើកការវាយប្រហារជាប្រព័ន្ធ និងជាប់លាប់ប្រឆាំងនឹងមូលដ្ឋានដែលមានទីតាំងនៅក្នុងទីក្រុងគៀវដែលប្រើប្រាស់សម្រាប់តម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា លោក ឡាវរ៉ូវ បានទាក់ទាញចំណាប់អារម្មណ៍របស់លោក រូប៊ីអូ ទៅលើអនុសាសន៍ដើម្បីធានាការជម្លៀសបុគ្គលិកការទូតចេញពីទីក្រុងគៀវ។
ក្រសួងបាននិយាយថា លោក ឡាវរ៉ូវ បានរំលឹកលោក រូប៊ីអូ អំពីកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបាននៅទីក្រុង Anchorage ទាក់ទងនឹងជម្លោះអ៊ុយក្រែន ដោយបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសម្តែងការសោកស្តាយថា «កិច្ចខិតខំប្រឹងប្រែងឥតប្រយោជន៍របស់ឥស្សរជនអឺរ៉ុបនិងរបបគៀវ» កំពុងធ្វើឱ្យខូចដល់កិច្ចព្រមព្រៀង Anchorage។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រតិបត្តិការស្ថានទូតមានលក្ខណៈធម្មតាឡើងវិញ និងបានផ្លាស់ប្តូរការវាយតម្លៃទៅលើគំនិតផ្តួចផ្តើមការទូត ដើម្បីជំនះវិបត្តិនៅក្នុងច្រកសមុទ្រហ័រមុស និងទាក់ទងនឹងស្ថានភាពជុំវិញប្រទេសគុយបា៕





