យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅភាគខាងជើងប្រទេសអង់ហ្គោឡា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- អាជ្ញាធរមូលដ្ឋានបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៨នាក់បានស្លាប់ក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងក្នុងក្រុងណាមបួនហ្គុនហ្គោ នៃខេត្តបេនហ្គោ ភាគខាងជើងប្រទេសអង់ហ្គោឡា។
អ្នកនាំពាក្យប៉ូលីស លោក ហ្គាស្ពារ ល្វីស អ៊ីណាស៊ីអូ (Gaspar Luis Inacio) បាននិយាយថា ជនរងគ្រោះ ១៣នាក់គឺជាសមាជិកគ្រួសារតែមួយដោយលោកបានបន្ថែមថា មនុស្ស ២នាក់នៅតែបាត់ខ្លួន។
លោកបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ខណៈដែលអាជ្ញាធរកំពុងធ្វើការដើម្បីស្វែងរកជនរងគ្រោះដែលអាចជាប់នៅក្នុងអណ្តូងរ៉ែដែលបាក់។
លោក ហ្វា្រន់ស៊ីស្កូ រ៉ូដ្រីហ្គេស៍ (Francisco Rodrigues) អ្នកត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យ Bengo Central បាននិយាយថាយ៉ាងហោចណាស់មានមនុស្សរងរបួស ៣នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
លោក រ៉ូដ្រីហ្គេស៍ បាននិយាយថា «ស្ថានភាពរបស់ពួកគេមានស្ថេរភាព។ ពួកគេបានទទួលការពិនិត្យកាំរស្មីអ៊ិច ហើយនៅតែស្ថិតក្រោមការសង្កេតរបស់គ្រូពេទ្យ»។
លោកបានបន្ថែមថា អ្នកជំងឺទាំង ៣នាក់មានស្មារតី និងរួចផុតពីគ្រោះថ្នាក់ ដោយមិនចាំបាច់បញ្ជូនទៅមណ្ឌលសុខភាពផ្សេងទៀតជាបន្ទាន់នោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





