អាស៊ាន និងអូស្ត្រាលី ជំរុញគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ -- លោកស្រី ផាម ហ៊ុងតាំ (Pham Hung Tam) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី និងលោកស្រី មីឈែល ចាន់ (Michelle Chan) អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរវាងមជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី (AAC) ក្រោមក្រសួង DFAT និងគណៈកម្មាធិការអាស៊ាននៅទីក្រុងកង់បេរ៉ា (ACC)។
កិច្ចប្រជុំដែលបានធ្វើឡើងការពីពេលថ្មីៗនេះ បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពរបស់មជ្ឈមណ្ឌល AAC ចាប់តាំងពីការបង្កើត កម្មវិធី និងផែនការដែលកំពុងដំណើរការ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកស្រីឯកអគ្គរដ្ឋទូត តាំ បានគូសបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌល AAC នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ន កាលពីក្នុងខែមីនា ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន និងអូស្ត្រាលី ក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូរបស់ពួកគេ ពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យយុទ្ធសាស្ត្រ ដូចជាវិស័យអប់រំ កិច្ចសហការសេដ្ឋកិច្ច និងការផ្លាស់ប្តូរសង្គម-វប្បធម៌ជាដើម។
លោកស្រីបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល AAC បានជួយតភ្ជាប់រដ្ឋាភិបាល ក្រុមហ៊ុនធុរកិច្ច និងសហគមន៍សិក្សាពីភាគីទាំងពីរ ដោយលោកស្រីបានបន្ថែមថា ពេលវេលាគឺសមស្របសម្រាប់ដៃគូអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈអំពីរបៀបបង្កើនប្រសិទ្ធភាពមជ្ឈមណ្ឌល និងពង្រឹងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។
ជាការឆ្លើយតប លោកស្រី ចាន់ បានថ្លែងអំណរគុណដល់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី ដែលធ្វើជាប្រធានគណៈកម្មាធិការ ACC ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ សម្រាប់ការសម្របសម្រួលកិច្ចប្រជុំ និងសម្របសម្រួលការធ្វើបច្ចុប្បន្នភាពទៅលើសកម្មភាពរបស់មជ្ឈមណ្ឌល AAC។
លោកស្រីបានបញ្ជាក់សារជាថ្មីថា មជ្ឈមណ្ឌល AAC ត្រូវបានបង្កើតឡើងដើម្បីពង្រឹងការចូលរួមរបស់ប្រទេសអូស្ត្រាលីជាមួយតំបន់អាស៊ីអាគ្នេយ៍ ដោយបានបន្ថែមថា កិច្ចប្រជុំនេះបានផ្តល់ឱកាសឱ្យប្រទេសអូស្ត្រាលីស្តាប់មតិយោបល់ពីតំណាងអាស៊ានមុនកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-អូស្ត្រាលី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ។
តំណាងមជ្ឈមណ្ឌល AAC លោកស្រី ហ្វីអូណា ហូកហ្កាត (Fiona Hoggart) នាយិកាមជ្ឈមណ្ឌល បានជម្រាបជូនគណៈកម្មាធិការ ACC អំពីកម្មវិធីកន្លងមក កម្មវិធីដែលកំពុងដំណើរការ និងកម្មវិធីនាពេលខាងមុខរបស់មជ្ឈមណ្ឌលដែលពាក់ព័ន្ធនឹងអាស៊ាន រួមទាំងគំនិតផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការអប់រំ ការបណ្តុះបណ្តាលកម្លាំងពលកម្ម កិច្ចសហការសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជន និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អូស្ត្រាលីសម្រាប់អាស៊ានផងដែរ។
បណ្តាឯកអគ្គរដ្ឋទូត និងតំណាងមកពីរដ្ឋសមាជិកអាស៊ាននៅក្នុងគណៈកម្មាធិការ ACC ក៏បានស្នើឡើងនូវវិធានការដើម្បីជួយដល់មជ្ឈមណ្ឌល AAC ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលីបន្ថែមទៀត រួមទាំងគំនិតផ្តួចផ្តើមដើម្បីចូលរួមជាមួយសហគមន៍និស្សិតអាស៊ានដ៏ធំនៅក្នុងប្រទេសអូស្ត្រាលី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





