ប្រព័ន្ធផ្សព្វផ្សាយ៖ លោក ស៊ី ជីនពីង អាចនឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងនៅសប្តាហ៍ក្រោយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- យោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានដែលដកស្រង់ប្រភពព័ត៌មានរបស់ខ្លួន បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅដើមសប្តាហ៍ក្រោយ។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកាលពីថ្ងៃពុធថា «យើងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ដែលបង្ហាញថា លោកប្រធានាធិបតី ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចប្រទេសកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ»។
ការរាយការណ៍នោះបានបន្ថែមថា លោក ស៊ី ជីនពីង អាចនឹងព្យាយាមសម្របសម្រួលទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
លើសពីនេះ ក្នុងអំឡុងពេលជួបជាមួយលោក ស៊ី នៅប្រទេសចិនកាលពីខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ក៏បានស្នើសុំឱ្យមេដឹកនាំចិនជួយសម្របសម្រួលទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងផងដែរ ហើយលោក ស៊ី បានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ។ នេះបើយោងតាមការរាយការណ៍៕





