ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិននឹងផ្តល់កម្លាំងចលករដល់គម្រោងរបស់ប្រទេសទាំងពីរ ដែលមានតម្លៃ ២០០ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសចិន ដោយកិច្ចព្រមព្រៀងមួយចំនួនដែលត្រូវបានចុះហត្ថលេខា និងការសន្ទនាស៊ីជម្រៅក្នុងអំឡុងពេលទស្សនកិច្ចនោះ នឹងផ្តល់នូវកម្លាំងចលករដ៏សំខាន់ដល់ការអនុវត្តគំនិតផ្តួចផ្តើមរួមគ្នារវាងរុស្ស៊ី និងចិន។ នេះបើយោងតាមលោក ដេនីស មេនទូរ៉ូវ (Denis Manturov) ឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី បានប្រាប់សារព័ត៌មានតាសស៍ (TASS)។
លោកបាននិយាយថា «ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីដោយកិច្ចព្រមព្រៀងមួយចំនួនដែលត្រូវបានចុះហត្ថលេខា និងកិច្ចសន្ទនាស៊ីជម្រៅយ៉ាងហ្មត់ចត់ដែលបានធ្វើឡើងនាពេលបច្ចុប្បន្ននេះ នឹងផ្តល់នូវកម្លាំងចលករជាក់ស្តែងដល់ការអនុវត្តគំនិតផ្តួចផ្តើមរួមគ្នា»។
លោក មេនទូរ៉ូវ បានកត់សម្គាល់ថា គណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-ចិន ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ រួមមានគម្រោងចំនួន៨៩ ដែលមានតម្លៃជាង ២០០ប៊ីលានដុល្លារអាម៉េរិក នៅក្នុងវិស័យមួយចំនួន ដូចជាលោហធាតុ ឧស្សាហកម្មគីមី វិស្វកម្មមេកានិច ព្រៃឈើ កសិកម្ម ដឹកជញ្ជូននិងភស្តុភារ និងពាណិជ្ជកម្ម ដោយបានបន្ថែមថា ប្រទេសទាំងពីរក៏សហការគ្នាដោយជោគជ័យក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងការរុករកអវកាសផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





