ប៊ុលហ្គារីនឹងបញ្ជាក់គុណភាពប្រេងផ្កាកុលាបរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្បៀងអាហារថ្មីរបស់ប្រទេសប៊ុលហ្គារីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះនឹងបង្កើតប្រព័ន្ធបញ្ជាក់គុណភាពប្រេងផ្កាកុលាបរបស់ខ្លួន។
លោក ផ្លាមេន អាប្រូវស្គី (Plamen Abrovsky) បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងសូហ្វៀថា តម្លៃប្រេងផ្កាកុលាបប៊ុលហ្គារីកំពុងស្ថិតនៅក្រោមសម្ពាធពីការនាំចូលដែលមិនមានការគ្រប់គ្រង និងការផលិតសំយោគ ដូច្នេះក្រសួងរបស់លោកចង់ផ្តល់លទ្ធភាពដល់អ្នកផលិតប្រេងផ្កាកុលាបទាំងអស់នៅក្នុងប្រទេសក្នុងការបញ្ជាក់ផលិតផលរបស់ពួកគេ។
លោកបាននិយាយថា រឿងនេះនឹងត្រូវបានសម្រេចតាមរយៈការវិភាគមន្ទីរពិសោធន៍ដោយទីភ្នាក់ងារសុវត្ថិភាពចំណីអាហារប៊ុលហ្គារី។
លេខចុះបញ្ជីសម្រាប់ប្រេងផ្កាកុលាបនឹងបង្ហាញនៅលើគេហទំព័ររបស់ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ ដូច្នេះអ្នកទិញមកពីជុំវិញពិភពលោកអាចពិនិត្យមើលប្រភពដើម និងគុណភាពរបស់វា។
លោក អាប្រូវស្គី បាននិយាយថា «ខ្ញុំជឿជាក់ថា នេះនឹងធ្វើឱ្យរូបភាពប្រេងផ្កាកុលាបប៊ុលហ្គារីរស់ឡើងវិញ និងបង្កើនតម្លៃរបស់វា»។ លោក អាប្រូវស្គី បានទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្មជាផ្លូវការនៅថ្ងៃទី៨ខែឧសភា។
ប៊ុលហ្គារីគឺជាប្រទេសផលិតប្រេងផ្កាកុលាបដ៏សំខាន់មួយរបស់ពិភពលោក។ ក្រសួងទើបតែបានប្រកាសថ្មីៗនេះថា នៅឆ្នាំ២០២៥ ប្រទេសប៊ុលហ្គារីបាននាំចេញប្រេងផ្កាកុលាបចំនួន ៧៤៤គីឡូក្រាមទៅកាន់ទីផ្សារដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី និងចក្រភពអង់គ្លេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





