រយៈពេល១០ថ្ងៃគ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស៣៣នាក់ ខណៈគ្រោះអគ្គិភ័យបានបំផ្លាញផ្ទះជាង១០ខ្នង
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦-- ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃ១១ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគបានកើតឡើងចំនួន៥៥ករណី បណ្តាលឱ្យមានមនុស្ស៣៣នាក់ស្លាប់ និង៩៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ គ្រោះថ្នាក់ទាំងនោះកើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តស្វាយរៀង។
ចំណែកករណីគ្រោះអគ្គិភ័យវិញ ក្នុងរយៈពេលដូចគ្នានេះបានកើតឡើង២៦ករណី និងបណ្ដាលឱ្យផ្ទះសំបែងខូចខាត១៤ខ្នង មាននៅរាជធានីភ្នំពេញ កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង។ គ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យមានការខូចខាតនូវសម្ភារផ្សេងទៀត រួមមាន រថយន្ត១៨គ្រឿង ម៉ូតូ១គ្រឿង កុដិ២ សាលាឆាន់១ ហាងលក់ស៊ុប១ រោង២ និងឃ្លាំង២កន្លែង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





