២០ឧសភា គឺជាថ្ងៃដែលប្រជាជនខ្មែរគ្រប់រូបចងចាំបានពេញ១ជីវិត
AKP កែប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--រឿងរ៉ាវដ៏សោកសៅបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំ ដោយ ប៉ុល ពត បានធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបនោះ រឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួន និងការបង្ខំឱ្យធ្វើការដូចសត្វធាតុ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវបានស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ និងគ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ នេះជារបបប្រល័យពូជាសាសន៍មួយដែលប្រជាកម្ពុជាស្អប់ខ្ពើម និងមិនទទួលយករបបដឹកនាំដ៏ខ្មៅងងឹតមួយនេះឡើយ រឿងរ៉ាវដែលកើតឡើងក្នុងរបបនោះ ប្រជាជនកម្ពុជាទុកជាសុបិន្តដ៏អាក្រក់មួយ និងចងចាំសោកនាដកម្មនេះពេញមួយជីវិត។

ក្នុងពិធីរំលឹកខួបទិវាជាតិនៃការចងចាំលើកទី៩ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងថា៖ ការប្រារព្ធធ្វើឡើងនៅទិវាជាតិនៃចងចាំ ២០ឧសភា រាប់ចាប់តាំងពីឆ្នាំ១៩៨៤ រហូមកដល់ពេលនេះ ជាការលើកតម្លើងការគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលផលបុណ្យជូនដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបនោះ មួយវិញទៀតគឺចូលរួមចំណែកផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខុដុមនីយកម្ម និងលើកកម្ពស់ការយល់ដឹងអំពីអំពើឃោឃៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឱ្យអំពើបែបនេះកើតមានឡើងសាជាថ្មីទៀតនៅប្រទេសកម្ពុជា។

ជាមួយនឹងការរំលឹកខួបលើកទី៩ ទីវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាត្រូវរួមគ្នារក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន ស្ថិរភាព និងសន្តិសុខ៕


ដោយ AKP





