អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការពង្រឹងសមត្ថភាពផ្នែកកិច្ចការរដ្ឋបាល និងបណ្ណសារ ជាគន្លឹះរុញច្រានមន្ត្រីមូលដ្ឋានឱ្យទាន់យុគសម័យឌីជីថល
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តបន្ទាយមានជ័យកំពុងបោះជំហានយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា។ ការគូសបញ្ជាក់នេះបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការរដ្ឋបាល និងបណ្ណសារ» ជូនដល់មន្ត្រីរដ្ឋបាលក្រុង-ស្រុកទាំង ៩ នៃខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក យឹម សំណាង អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។

នៅក្នុងឱកាសនោះ លោក យឹម សំណាង បានផ្តល់តម្លៃខ្ពស់ទៅលើការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដោយលោកបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្ត ដែលបានផ្តួចផ្តើមបង្កើតកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងពង្រឹងចំណេះដឹងបន្ថែមដល់ក្រុមគោលដៅ ដែលជាមន្ត្រីរាជការស៊ីវិលកំពុងបំពេញការងារផ្ទាល់នៅតាមរដ្ឋបាលក្រុង-ស្រុក។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា កិច្ចការរដ្ឋបាល និងការគ្រប់គ្រងបណ្ណសារ គឺជាឆ្អឹងខ្នងនៃការងាររដ្ឋបាលសាធារណៈ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈវគ្គបណ្តុះបណ្តាលនេះ គឺបានបង្ហាញអំពីសមិទ្ធិផលប្រកបដោយមោទនភាព និងដើម្បីជាឱកាសដល់មន្រ្តីរាជការរបស់យើង ទទួលបាននូវការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត សម្រាប់យកទៅអនុវត្តការងារឱ្យទាន់សម័យសាកលភាវូបនីយកម្ម និងសម័យឌីជីថល នាពេលបច្ចុប្បន្ន និងទៅអនាគត»។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនេះ មិនត្រឹមតែជាការបំពេញបន្ថែមនូវចំណេះដឹងទ្រឹស្តី និងបច្ចេកទេសរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងការជំរុញឲ្យមន្ត្រីថ្នាក់មូលដ្ឋាន អាចស្វែងយល់ និងបត់បែនទាន់ការប្រែប្រួលនៃប្រព័ន្ធការងារបែបឌីជីថល សំដៅធានាបាននូវប្រសិទ្ធភាព តម្លាភាព និងភាពរហ័សទាន់ចិត្តក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

ដោយ ឈុន សារ៉ាត





