ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍បំណិនមូលដ្ឋានរបស់កុមារតូចតាមរយៈបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--គម្រោងអភិវឌ្ឍន៍បំណិនមូលដ្ឋានរបស់កុមារតូចតាមរយៈបច្ចេកវិទ្យា (NEST) ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចូលរួមពីលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡា លោក ណាហ្គាសិ ខេនស៊ុកិ អនុប្រធានបេសកកម្មការទូតជប៉ុនប្រចាំកម្ពុជា លោក CRISTIAN AEDO នាយកផ្នែកអប់រំប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក រួមនឹងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ព្រមទាំងរដ្ឋាភិបាលជប៉ុន ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រយ៉ាងសកម្មលើគ្រប់វិធានការកំណែទម្រង់ការអប់រំ ដើម្បីលើកកម្ពស់គុណភាព និរន្តរភាព និងសមធម៌។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតរដ្ឋមន្ត្រីស្ដីទី បានកោតសរសើរ និងអបអរសាទរចំពោះអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដែលបានទទួលហិរញ្ញប្បទានឥតសំណងនេះ និងបានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានអប់រំកុមារតូច និងអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ ដើម្បីបង្កើតឱ្យមានគម្រោងដ៏មានអត្ថន័យនេះឡើង។

បើយោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលាមត្តេយ្យសិក្សាមិនមែនគ្រាន់តែជាកន្លែងដែលកុមារមកទន្ទេញអក្សរ មករាប់លេខ ឬមកច្រៀងលេងប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះស្ថានដ៏មានសារៈសំខាន់ក្នុងការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនៃជីវិត ទាំងផ្នែកបញ្ញាស្មារតី រាងកាយ ការគិតវិចារណញ្ញាណ និងសីលធម៌សង្គម ស្របពេលដែលការអប់រំ និងគាំពារកុមារតូចក្នុងរយៈពេល ១.០០០ថ្ងៃដំបូង ដែលជាកត្តាគាំទ្រដ៏សំខាន់ជំរុញដល់កោសិកាខួរក្បាលរបស់កុមារ ដែលមានការលូតលាស់លឿនបំផុតរហូតដល់ទៅ ៨០% ក្នុងរយៈពេល ៣ឆ្នាំដំបូង ហើយការវិនិយោគលើការអប់រំក្នុងដំណាក់កាលដំបូងនេះនឹងជួយត្រៀមលក្ខណៈសម្បត្តិឱ្យកុមារចូលរៀនកម្រិតបឋមសិក្សាប្រកបដោយជោគជ័យ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា ព្រមទាំងជាការវិនិយោគយុទ្ធសាស្ត្រដ៏មានតម្លៃបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការកសាងគ្រឹះធនធានមនុស្សដ៏រឹងមាំសម្រាប់អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





