គណៈកម្មការដឹកនាំការប្រកួតកីឡាបាល់ទាត់មហាជនខេត្តសៀមរាបប្រជុំក្រុមការងារបច្ចេកទេសសម្រាប់ការប្រកួតបាល់ទាត់ "ពានរង្វាន់មហាជន ខេត្តសៀមរាប ឆ្នាំ២០២៦"
AKP សៀមរាប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--គណៈកម្មការដឹកនាំការប្រកួតកីឡាបាល់ទាត់មហាជនខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំការប្រកួតបាល់ទាត់ "ពានរង្វាន់មហាជន ខេត្តសៀមរាប ឆ្នាំ២០២៦" ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីកីឡា កីឡាដើម្បីសុខភាព និងសាមគ្គីភាព" ដើម្បីពង្រឹង និងណែនាំពីបទបញ្ជាផ្ទៃក្នុង និងធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងមានស្មារតីកីឡាខ្ពស់ ដោយកិច្ចប្រជុំនេះដឹកនាំដោយលោកស្រី ម៉ននី រង្សី និងលោកសំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មការដឹកនាំការប្រកួត ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកនៃក្រុមបាល់ទាត់ទាំង២៨។

លោកស្រី ម៉ននី រង្សី បានជំរុញ និងក្រើនរំលឹកដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលទាំងអស់ត្រូវបំពេញភារកិច្ចដោយឈរលើគោលការណ៍ច្បាប់ បទបញ្ជាបច្ចេកទេស និងមានភាពម៉ឺងម៉ាត់ ឥតលំអៀង ដើម្បីបង្កើតបរិយាកាសប្រកួតមួយដែលផ្តល់ទំនុកចិត្ត និងភាពថ្លៃថ្នូរ ស្របតាមទិសស្លោក "កីឡាដើម្បីសាមគ្គីភាព"។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ គ្រូបង្វឹក ត្រូវណែនាំដល់កីឡាករក្នុងក្រុមទាំងអស់របស់ខ្លួនឱ្យប្រកួតដោយសេចក្តីថ្លៃថ្នូរ គោរពបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការប្រើប្រាស់ហិង្សា ឬទង្វើអសីលធម៌ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃយុវជន និងកិត្តិយសរបស់ខេត្ត។

លលោកស្រីអភិបាលរងខេត្ត ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ត្រូវរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការសង្គ្រោះបឋមឱ្យបានហ្មត់ចត់បំផុតនៅតាមកីឡដ្ឋានទាំងពីរ ដើម្បីធានាសុវត្ថិភាពទាំងស្រុងជូនដល់កីឡាករ និងបងប្អូនប្រជាពលរដ្ឋដែលមកទស្សនា។

សូមជម្រាបថា ការប្រកួតឆ្នាំ២០២៦ នេះ មានក្រុម២៨ ចូលរួមប្រកួត ដោយចែកជា ៧ពូល ក្នុង ១ពូលមាន ៤ក្រុម ស្មើនឹង ៥៨ប្រកួត ហេីយការប្រកួតត្រូវបានរៀបចំរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ព្រឹក-ល្ងាច នៅកីឡដ្ឋានស្វាយធំ កីឡដ្ឋានវិទ្យាល័យអង្គរ និងកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ដោយក្រុមការងារសម្រេចប្រកួតជម្រុះតាមពូល យកក្រុមលេខ១ លេខ២ និងលេខ៣ល្អ ដែលការប្រគួតនេះនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែឧសភា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសន្តិភាព រវាងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងខេត្តសៀមរាប ជួយឱ្យប្រជាពលរដ្ឋ និងយុវជនមានសុខភាពល្អ កម្លាំងមាំមួន និងជៀសឆ្ងាយពីគ្រឿងញៀន។
លើសពីនេះ ព្រឹត្តិការណ៍នេះក៏លើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការបង្កើតកម្មវិធីទាក់ទាញថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមសេដ្ឋកិច្ចសកល ដោយបង្ហាញថា ខេត្តសៀមរាបមិនមែនមានតែប្រាសាទបុរាណមួយមុខនោះឡើយ៕
ដោយ៖ ឃុត សៅ





