សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រារព្ធពិធីខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌
AKP ព្រះវិហារ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំប្រារព្ធពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ៅ សុផាន់ ប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា នៅសាលប្រជុំព្រះវិហារ សាលាខេត្តព្រះវិហារនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់សាខាកាកបាទក្រហមខេត្តព្រះវិហារ ហើយសាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ ស្របតាមប្រធានបទ "បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌"។

ឯកឧត្តមបន្តថា ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕


ដោយ៖ ទិត ស្រ៊





