ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់មន្ត្រីរាជការ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ក.ប.ទ. សរុបប្រមាណ ៣០០នាក់ ព្រមទាំងមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សំ វាសនា អនុប្រធានផ្នែកនៃលេខាធិការដ្ឋានសម្រាប់គាំទ្រគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅទីស្តីការក្រសួង ក.ប.ទ។

ឯកឧត្តម ទួន ស៊ីផាន់ បានលើកឡើងថា ការផ្សព្វផ្សាយគោលនយោបាយខាងលើមានគោលបំណងដើម្បីធ្វើបទបង្ហាញអំពីខ្លឹមសារ និងបញ្ជ្រាបការយល់ដឹងនូវលក្ខណៈសម្បត្តិទាំង៧ របស់គោលនយោបាយ មានដូចជា ទី១ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ទី៥ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឱ្យដឹងថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បង្កើតឡើងមានគោលបំណងកសាង និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជនកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋាន និងឈានទៅការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





