កូរ៉េខាងត្បូង និងឥណ្ឌា ពង្រឹងចំណងមិត្តភាពការពារជាតិជាមួយនឹងកិច្ចព្រមព្រៀងយោធាថ្មីមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌា កំពុងពង្រឹងចំណងមិត្តភាពយោធា និងកិច្ចសហប្រតិបត្តិការផលិតសម្ភារៈការពារជាតិ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗមួយចំនួនកាលពីថ្ងៃពុធ ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រពិសេសរបស់ពួកគេ ចំពេលដែលមានការផ្លាស់ប្តូរសម្ព័ន្ធភាពភូមិសាស្ត្រនយោបាយនៅទូទាំងតំបន់អាស៊ី។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក អាញ គីយូ-បាក (Ahn Gyu-back) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក រ៉ាចណាត សិង្ហ (Rajnath Singh) នៅក្រសួងការពារជាតិកូរ៉េខាត្បូង ជាកន្លែងដែលភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិនៅទូទាំងវិស័យយោធា សន្តិសុខតាមអ៊ីនធឺណិត និងប្រតិបត្តិការរក្សាសន្តិភាព។
ដំណើរទស្សនកិច្ចនេះ បានសម្គាល់ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាចាប់តាំងពីឆ្នាំ២០១៩ មក។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកកាលពីឆ្នាំមុន ជាកន្លែងដែលលោកអាញ បានអញ្ជើញលោក សិង្ហ ទៅកាន់ទីក្រុងសេអ៊ូល។
រដ្ឋមន្ត្រីទាំងពីរបាននិយាយថា ពួកគេនឹងបន្តកសាងចក្ខុវិស័យយុទ្ធសាស្ត្ររួមគ្នា ដែលបានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកូរ៉េ-ឥណ្ឌាកាលពីខែមេសា ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការផលិតសព្វាវុធ។
ភាគីទាំងពីរក៏បានឯកភាពគ្នាទៅលើតម្រូវការក្នុងការពង្រឹងបណ្តាញពិគ្រោះយោបល់ទ្វេភាគីជាប្រចាំផងដែរ ដើម្បីបង្កើតក្របខ័ណ្ឌជាប្រព័ន្ធជាងមុនសម្រាប់កិច្ចសហប្រតិបត្តិការយោធា។
លោករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះគម្រោងសហប្រតិបត្តិការឧស្សាហកម្មការពារជាតិពីមុន រួមទាំងការទិញ និងផលិតកាំភ្លើងធំស្វ័យប្រវត្តិប្រភេទ K9 របស់ឥណ្ឌា។
កិច្ចពិភាក្សានេះក៏បាននាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការការពារជាតិតាមប្រព័ន្ធអ៊ីនធឺណិត កិច្ចសហការក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការផ្លាស់ប្តូររវាងសាកលវិទ្យាល័យការពារជាតិនៃប្រទេសទាំងពីរផងដែរ៕





