ចិនបន្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានសម្រេចចិត្តបន្តនូវការផ្តល់ការចូលប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ីរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។
លោក គូ ជៀគុន (Guo Jiakun) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយថា អ្នកកាន់លិខិតឆ្លងដែនធម្មតាមកពីប្រទេសរុស្ស៊ីអាចស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការមិនលើសពី ៣០ថ្ងៃសម្រាប់គោលបំណងអាជីវកម្ម ទេសចរណ៍ ទៅលេងក្រុមគ្រួសារ និងមិត្តភក្តិ ផ្លាស់ប្តូរ និងឆ្លងកាត់។
លោក គូ បាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើការងារជាមួយទីក្រុងមូស្គូ ដើម្បីសម្រួលបន្ថែមទៀតដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយចាក់បញ្ចូលនូវកម្លាំងចលករបន្ថែមទៀតទៅក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងចិន និងរុស្ស៊ីសម្រាប់យុគសម័យថ្មីមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





