ឯកឧត្តម គួច ចំរើន អរគុណ ចំពោះក្រុមគ្រួសារវីរកងទ័ព ដែលបានលះបង់សាច់ញាតិ ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ថៃ
AKP កណ្តាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរកងទ័ពជួរមុខ ដែលបានលះបង់ ប្ដី កូន បងប្អូន ដើម្បីទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងនៅល្នុងឱកាសជួបជុំគ្រួសារវីរកងទ័ពនៅ ស្រុកកៀនស្វាយ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្តថា បងប្អូនក្រុមគ្រួសារវីរកងទ័ព បានលះបង់សាច់ញាតិ ពិសេសប្ដី ដែលនេះគឺជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរកងទ័ពជួបមុខ មានការឈឺចាប់បំផុត។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនគ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ នោះធ្វើអោយស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហាន មោះមុត ក្នុងការការពារបូរណភាពទឹកដី។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ នៅពេលជួបបញ្ហាប្រឈម សំណូមពរ សូមរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់ជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា ហើយក៏សូមឱ្យបងប្អូន មានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលបងប្អូនត្រូវការ ដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





