ក្រសួងសង្គមកិច្ច បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទិន្នន័យប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦—ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទិន្នន័យប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ។

ឯកឧត្តម ទៀវ សុគន្ធ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព ស្ដីពីការប្រើប្រាស់ទិន្នន័យ និងការវិភាគទិន្នន័យ សម្រាប់កំណត់សកម្មភាពអាទិភាពកិច្ចការពារកុមារ និងរៀបចំផែនការថវិកា ការពង្រឹងចំណេះដឹង ស្ដីពីសារាចរអន្តរក្រសួងលេខ ០០៧ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ និងសៀវភៅណែនាំស្តីពីសមាហរណកម្មកិច្ចការពារកុមារ ទៅក្នុងប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ដើម្បីរៀបចំផែនការថវិកាសម្រាប់កិច្ចការពារកុមារ និងផែនការតាមដានត្រួតពិនិត្យ ។

ការប្រើប្រាស់ទិន្នន័យប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ គឺសម្រាប់ការរៀបចំផែនការ និងថវិកាសម្រាប់កិច្ចការពារកុមារ ជូនដល់មន្ត្រីទទួលបន្ទុកកិច្ចការពារកុមារ និងផែនការ នៃនាយកដ្ឋានកិច្ចការពារកុមារ នាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣៩នាក់ ៕

ដោយ៖ ណយ នឿន (ប្រភព៖កហរសួងសង្គមកិច្ច)





