អាជ្ញាធរខេត្តតាកែវ អំពាវនាវឲ្យមានការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺអេដស៍ ខណ:ពេលអ្នកឆ្លងជំងឺអេដស៍មានការកើនឡើង
AKP តាកែវ ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៦--មន្ទីរសុខាភិបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំ ប្រកាសសេចក្ដីសម្រេច និងត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តតាកែវ។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោកស្រី ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មា ធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តតាកែវ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បម្រើការងារនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានានៅក្នុងខេត្តតាកែវ ចូលរួមជាច្រើនរូបផងដែរ។ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ លោកស្រី ឡុង ប៉ូណារេត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន គ្រប់អង្គការជាតិ-អន្តរជាតិ វិស័យឯកជន រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យរួមសហការគ្នា បង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។
លោកស្រី ឡុង ប៉ូណារេត បានបន្តថា ដើម្បីដោះស្រាយបញ្ហាអេដស៍បាន គប្បីគណៈកម្មការប្រយុទ្ធនឹងជម្ងឺអេដស៍ក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន។ដើម្បីលើកកម្ពស់ការយល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រ ប្រកបដោយប្រសិទ្ធភាពជូនទៅដល់ពួកគាត់ ឲ្យចូលរួមដាស់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍។

លោកស្រីអភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្ថែមថា ជាមួយគ្នានេះដែរអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធ ក៏ត្រូវស្វែងរកការគាំទ្របន្ថែម ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលនានា ក្នុងការចូលរួមជាវិភាគទាន សំដៅដល់ការទប់ស្កាត់ការរីករាលដាល និងលុបបំបាត់មេរោគអេដស៍ចេញឲ្យអស់ពីខេត្តតាកែវនិយាយដោយឡែក និយាយជារួមនៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។
ជាមួយគ្នានោះដែរលោកស្រី ឡុង ប៉ូណារេត ក៏បានអំពាវនាវដល់ បងប្អូនប្រជាព លរដ្ឋ យុវជន ជាពិសេសអ្នកដែលមានដៃគូច្រើន មិនត្រូវភ្លេចខ្លួនពីជំងឺអេដស៍នោះទេ ពោលគឺត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារជានិច្ច ដើម្បីកាត់បន្ថយអត្រាការកើនឡើងនៃអ្នកឆ្លង និងអ្នកផ្ទុកមេរោគអេដស៍។ ការចូលរួមទាំងអស់នេះ គឺដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។
គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ សម្រាប់ខេត្តតាកែវក្នុងត្រីមាសទី១ឆ្នាំ2026នេះ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន2 930នាក់ ពោលគឺមានការកើនឡើងចំនួន 24នាក់៕
ដោយ៖ អ៊ុច សៀង





