អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់បន្តពង្រឹងការផ្សព្វផ្សាយ ពីសីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរឱ្យកាន់តែទូលំទូលាយ
AKPសៀមរាបថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦– អាជ្ញាធរខេត្តសៀមរាប បានណែនាំ និងជំរុញដល់ក្រុមការងារពាក់ព័ន្ធគ្រប់វិស័យ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការផ្សព្វផ្សាយអំពីសីលធម៌សង្គម សុជីវធម៌ក្នុងការរស់នៅ និងច្បាប់ពាក់ព័ន្ធនានា ឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ ទាំងនៅក្នុងរង្វង់គ្រួសារ កន្លែងការងារ និងតាមសហគមន៍។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តសៀមរាប ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានគណៈចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ខេត្តសៀមរាប បានមានប្រសាសន៍ថា ស្រ្ដីបានចូលរួមយ៉ាងសំខាន់ក្នុងការកសាងនូវសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវការ និងផ្លូវចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបន្ដកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីលើគ្រប់វិស័យជាអទិភាព ក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព ដើម្បីទាញយកផលប្រយោជន៍ផ្សេងៗ សម្រាប់ស្រ្ដី។

លោកស្រីអភិបាលរងខេត្ត បានឱ្យដឹងថា ដើម្បីថែរក្សាសន្ដិភាព និងសន្ដិសុខសម្រាប់ស្ត្រីរាជរដ្ឋាភិបាលនឹងបន្ដទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី តាមរយៈកម្មវិធី និងយុទ្ធសាស្រ្ដដូចជា លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ អនុវត្ដផែនការសកម្មភាពជាតិ ស្ដីពីស្រ្ដីសន្ដិភាព និងសន្ដិសុខ លើកកម្ពស់កិច្ចគាំពារសង្គម ព្រមទាំងលើកកម្ពស់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ក្នុងសេដ្ឋកិច្ចឌីជីថល។
យោងតាមរបាយការណ៍របស់មន្ទីរកិច្ចការនារីខេត្ត សមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ គឺបានអនុវត្តស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ សមិទ្ធផលទាំងនោះរួមមានការរៀបចំកម្មវិធីអប់រំល្អៗ ដើម្បីផ្សព្វផ្សាយពីសីលធម៌សង្គម និងសុជីវធម៌ក្នុងការរស់នៅ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិដែលមានអារ្យធម៌ខ្ពស់។

ការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានអប់រំ ដើម្បីពង្រឹងការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្ស-និស្សិត ចាប់ពីកម្រិតបឋមសិក្សារហូតដល់ឧត្តមសិក្សា។ ការផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ។ ជាពិសេសបានយកចិត្តទុកដាក់តាមដាន និងត្រួតពិនិត្យជាប្រចាំនូវរាល់ខ្លឹមសារ រូបភាព និងការសម្តែងតាមកម្មវិធីនានា ក្នុងគោលដៅអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណី កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល៕
ដោយ៖ ឃុត សៅ





