ឯកឧត្តមអ៊ុន ចាន់ដា សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលចំនួន៤ ក្នុងខេត្តកំពង់ចាម
AKPកំពង់ចាមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦– ឯកឧត្តមអ៊ុន ចាន់ដា សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលចំនួន៤ ដែលអាជ្ញាធរខេត្តកំពង់ចាមសម្រេចក្នុងឆ្នាំ២០២៥។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្ត នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានថ្លែងថា ក្រោមការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្ត្រីនេតសាវឿនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាមនិងការខិតខំរបស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ជាមួយនឹងការចូលរួមយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងការថែរក្សាសុខសន្តិភាពនិងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានធ្វើឲ្យខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលធំៗ៤គឺ សមិទ្ធផលធំទី១ គឺការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលបានបន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។

សមិទ្ធផលធំទី២ គឺការផ្ដល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្ដល់សេវាចំនួន ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភី លេខ១ ជាអង្គភាពផ្ដល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិរួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម កម្រិត CPA3 ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស , ការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, និង អង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស។

សមិទ្ធផលធំទី៣ គឺការអភិវឌ្ឍមូលដ្ឋានបន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ ដែលមានការកើនឡើងទាំងបរិមាណ និងគុណភាព។ ការអភិវឌ្ឍលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ទីប្រជុំជនស្គន់-ក្រុងកំពង់ចាម) មកដល់ពេលនេះកំណាត់ផ្លូវនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ និងត្រៀមលក្ខណៈអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកសម្ពោធដាក់ឲ្យប្រើប្រា ស់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខ។និងសមិទ្ធផលធំទី៤ គឺជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ខេត្តមានទំហំ ៣,០៧៣ លានដុល្លារ (កើន ៨.៣%)។
សេដ្ឋកិច្ចរបស់ខេត្ត បានមកពីវិស័យ ០៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% វិស័យឧស្សាហ៍កម្ម មានចំណែកប្រមាណ ៣៣.៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦% ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ បានកើនដល់ ចំនួន ២,៨៣០ ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារ ក្នុងម្នាក់។

ឯកឧត្តមអ៊ុន ចាន់ដាបានបញ្ជាក់ថា ការអាជ្ញាធរខេត្តសម្រេចបាននូវសមិទ្ធផលធំៗ ទាំងនេះគឺអាស្រ័យពីការយកចិត្តទុកដាក់និងគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធ សំដៅលើកកម្ពស់ សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលនៅតែរក្សាបាននូវសុខសន្តិភាពពេញលេញ ជូនដល់ប្រជាពលរដ្ឋយើង៕
ដោយ៖ ឆាយ ម៉ុត





