ឯកឧត្តម ជា ធីរិទ្ធ៖ គណបក្សនយោបាយទាំងអស់ដែលជាសមាជិកសម្ព័ន្ធភាព បានគាំទ្រជំហររាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--
តាមរយៈលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺគណបក្សនយោបាយទាំងអស់ដែលជាសមាជិកសម្ព័ន្ធភាព បានគាំទ្រនូវជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាម្ចាស់ផ្ទះដឹកនាំជំនួបនៃកិច្ចប្រជុំនេះ បានថ្លែងកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាក្នុងបុព្វហេតុនៃការការពារបូរណភាពទឹកដី ក្នុងអំឡុងពេលដែលថៃឈ្លានពានទឹកដី និងបានកោតសរសើរចំពោះការរួបរួមសាមគ្គីគ្នា និងចេញសេចក្តីថ្លែងការណ៍ ក៏ដូចជាការថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥កន្លងទៅនេះ។

ឯកឧត្តមបានបញ្ជាក់ថា៖ «គណបក្សសម្ព័ន្ធភាពបានបង្ហាញការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធតែងតែគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល»។
ជាមួយគ្នានេះ ឯកឧត្តម ជា ធីរិទ្ធ ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំសម្ព័ន្ធភាពរបស់គណបក្សនយោបាយ ដោយសម្តេចតេជោ ក្រៅពីបានថ្លែងពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងសម្ព័ន្ធភាពនេះ ក៏បានថ្លែងសង្គត់ធ្ងន់លើផ្ទៃក្នុងនៃសម្ព័ន្ធភាព ដើម្បីរក្សាសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះ ឱ្យបាននូវស្ថិរស្ថេររឹងមាំបន្តទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក៏បានអះអាងថា ផ្អែកតាមបទពិសោធន៍របស់បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ការដោះស្រាយបញ្ហាជម្លោះ គឺមិនអាចបញ្ចប់ទៅបានដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះឡើយ ពោលចុងបញ្ចប់ គឺសុទ្ធតែបញ្ចប់ដោយការចរចា ដោះស្រាយគ្នាដោយសន្ដិវិធី ហើយសម្រាប់កម្ពុជា ឯកឧត្ដមក៏ជឿជាក់លើការដោះស្រាយបែបនេះដែរ។

ឯកឧត្តម ញឹក ប៊ុនឆៃ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែជឿជាក់ថា ការដោះស្រាយជម្លោះនេះបើយើងមើលទៅលើបទពិសោធន៍កន្លងមកនៅលើសកលលោក ច្រើនតែបញ្ចប់ទៅដោយកម្លាំងយោធាទេ គឺបញ្ចប់ដោយការចរចា ការដោះស្រាយគ្នាដោយសន្ដិវិធីគ្រប់កន្លែង។ យើងពេលនេះគាំទ្រដល់ជំហររបស់រាជរដ្ឋាភិបាល គណបក្សក្នុងសម្ព័ន្ធភាពគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានការចង្អុលបង្ហាញពី សម្ដេចតេជោ ហ៊ុន សែន យើងគាំទ្រឱ្យមានការដោះស្រាយជាមួយភាគីថៃ ដោយសន្ដិវិធី»។
ឯកឧត្តមប្រធានគណបក្សខ្មែររួបរួមជាតិក៏បានអះអាងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី តាមសន្ដិភាព ព្រោះការដោះស្រាយគ្នាដោយកម្លាំងយោធា ពិតណាស់មិនអាចដោះស្រាយចប់បានទេ។
ឯកឧត្តមមានជំនឿថា បើទោះបីយោធាថៃ វាយដណ្ដើមកាន់កាប់ទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែនជាច្រើនកន្លែង រហូតឈានទៅដាក់របងលួស កុងតឺន័រជាដើមនោះ គឺមិនអាចគ្រប់គ្រងទឹកដីកម្ពុជាបានរហូតនោះទេ ព្រោះនៅពេលដោះស្រាយបញ្ចប់ ការគ្រប់គ្រងនោះក៏នឹងត្រូវបញ្ចប់ដូចគ្នាដែរ។ ឯកឧត្តមបានពន្យល់ និងសន្និដ្ឋានបែបនេះ ដោយផ្អែកតាមបទពិសោធន៍របស់ឯកឧត្តម ដែលធ្លាប់ធ្វើជាកងទ័ពនៅជាយដែន៕
ដោយ៖ ប៊ុនរិទ្ធ





