លោកអភិបាលស្រុកព្រៃនប់ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មី១ខ្សែ ជូនប្រជាពលរដ្ឋភូមិចុងអូរ
AKP ព្រះសីហនុ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសហការី និងមន្ត្រីពាក់ព័ន្ធអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ មានប្រវែង ៥៨៦ម៉ែត្រ, ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ការសាងសង់ផ្លូវបេតុងអាមេនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីធានាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដូចជាការដឹកជញ្ជូនកសិផល និងជំរុញសកម្មភាព សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោក អភិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ និងអ្នកម៉ៅការសាងសង់ផ្លូវឱ្យអនុវត្តការងារតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាពការប្រើប្រាស់បានយូរអង្វែង និងបញ្ចប់ការសាងសង់ឱ្យបានតាមផែនការកំណត់ ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ព្រោះផ្លូវគឺជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការធ្វើដំណើរបានងាយស្រួល ជាពិសេសសម្រួលដល់ការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ និងការធ្វើដំណើរបស់បងប្អូនមូលដ្ឋានកាន់តែមានភាពងាយស្រួល ៕


ដោយ ងូ សុមុនី





