ឯកឧត្តម អ៊ីវ លាង៖ ទិវាជាតិនៃការចងចាំ គឺជាការរំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម អ៊ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោកគង់កើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង តំណាងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ចៀច បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ លោកគ្រូ សិស្ស និសិ្សត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម អ៊ីវ លាង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំសម្រាប់រំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា លើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន។

ឯកឧត្តមបានលើកឡើងថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយកថ្ងៃទី២០ ខែឧសភា ជាទិវាចងកំហឹង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក តែក្រោយមកបានក្លាយ ជាទិវាជាតិនៃការចងចាំវិញ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ជាមួយនឹងការរំឭកទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ រីកចម្រើន ស្ថិរភាព និងសន្តិសុខ ខណៈសព្វថ្ងៃនេះកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព មានស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ ដែលសមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល និងប្រជាជាតិទាំងមូលក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ ហើយក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងស្ថិរភាពនៅក្នុងសង្គម ហើយក៏ជាអ្វីដែលកម្ពុជាត្រូវចងចាំនិងយល់ដឹងឱ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន៕
ដោយ ចាន់ សុភឿន





